នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន Smart បានចេញសេចក្ដីជូនដំណឹងបន្ថែមឱ្យបានដឹងថា ក្រុមការងារ បានទទួលនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការស្តារបណ្តាញសេវាអ៊ីនធឺណិតឡើងវិញជូនដល់អតិថិជនទាំងអស់ តាមរយៈការធ្វើការតភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រទៅច្រកអន្តរជាតិ ដើម្បីធានាឱ្យបាននូវស្ថិរភាព និង ភាពម្ចាស់ការលើប្រព័ន្ធអ៊ីនធឺណិត។
ខាងក្រុមហ៊ុនបានឱ្យដឹងទៀតថា ខណៈពេលនេះ ក្រុមការងារនៅបន្តធ្វើការយ៉ាងសកម្ម ដើម្បីស្តារប្រព័ន្ធឡើងវិញបន្ថែមទៀត ដូច្នេះអ្នកប្រើប្រាស់មួយចំនួនអាចនឹងនៅតែបន្តប្រឈមនឹងបញ្ហាល្បឿនអ៊ីនធឺណិត ហើយក្រុមការងារក៏សូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះភាពរអាក់រអួលនេះ ដែលក្នុងនោះ ក្រុមបច្ចេកទេសក៏កំពុងបន្តធ្វើការយ៉ាងមមាញឹក ដើម្បីស្តារនូវប្រសិទ្ធភាពនៃសេវាកម្មទាំងអស់ឡើងវិញ រួមមាន Mobile Internet, Smart @Home និង Fiber+។
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ Axiata Group Berhad របស់ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនស្មាត បានបញ្ជាក់ថាក្រុមហ៊ុនមានកិត្តិយសក្នុងការឈរក្នុងជំហររួម ជាមួយ ប្រជាជនកម្ពុជា ដើម្បីលើកស្ទួយអាទិភាពជាតិដ៏សំខាន់នេះ ព្រមទាំងថ្លែងអំណរគុណចំពោះការអត់ធ្មត់ ការយោគយល់ និង ការជឿជាក់ក្នុងអំឡុងពេលផ្លាស់ប្តូរដ៏សំខាន់នេះ៕