នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ មានករណីដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់មួយ ដោយអ្នកគ្រូសាលាបង្រៀនមួយរូប ប្រទះឃើញសពក្មេងស្រីម្នាក់ ស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹក ស្ថិតក្នុងសាលាបឋមសិក្សាវត្តគ្រួស។
តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវតីរងគ្រោះ មានឈ្មោះ លីណា អាយុ ១៥ ឆ្នាំ មានទីលំនៅក្នុងខណ្ឌព្រែកព្នៅ ត្រូវបានអ្នកគ្រូប្រទះឃើញដេកស្លាប់អាក្រាតកាយនៅបន្ទប់ទឹក ស្ថិតក្នុងសាលាបឋមសិក្សាវត្តគ្រួស ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយទទួលបានដំណឹង សមត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍ដល់ទីតាំងកើតហេតុ ខណៈករណីនេះត្រូវបានមហាជនជាច្រើនសង្ស័យថាជាករណីរំលោភសម្លាប់ ដោយសារតែសពក្មេងស្រីត្រូវបានប្រះឃើញក្នុងសភាពអាក្រាតកាយក្នុងបន្ទប់ទឹក។
មកដល់រសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ តាមប្រភពពី CNC TV បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ២ នាក់ និង មនុស្សពាក់ព័ន្ធមួយចំនួនទៀត យកទៅដំណើរក្ដីតាមផ្លូវច្បាប់ជាធរមាន៕
ប្រភព៖ CNC TV