ថ្មីៗនេះ ប្រទេសថៃបានប្រទះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ ដែលឡានក្រុងមួយគ្រឿងបានដាច់ហ្វ្រាំង រួចជ្រុលទៅបុកឡានកុងទីន័រពីក្រោយ បណ្តាលឱ្យមនុស្ស ៧ នាក់បានបាត់ជីវិត និង ៤០ នាក់ទៀតបានរងរបួស។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅម៉ោងប្រមាណ ២ អាធ្រាត្រ នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នាឃុំ Buphram ស្រុក Nadi ខេត្ត Prachin Buri ។ ដោយឡានក្រុងដឹកអ្នកដំណើរជាឡានធ្វើដំណើរពីខេត្ត Rayong ទៅកាន់ Nong Khai ហើយខណៈធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែចាប់ហ្វ្រាំងមិនទាន់ ក៏បានជ្រុលទៅបុកឡានកុងទីន័រដឹកទំនិញមួយគ្រឿងពីក្រោយ ហើយឡានមួយគ្រឿងក៏ជ្រុលទៅបុកឡានកុងទីន័រមួយគ្រឿងទៀតពីក្រោយដូចគ្នា។

យ៉ាងណាមិញ ព័ត៌មានបានឱ្យដឹងថា មានតែខាងឡានក្រុងប៉ុណ្ណោះ ដែលមានអ្នកស្លាប់ និង រងរបួស ដោយក្នុងនោះមាន ៧ នាក់បានបាត់បង់ជីវិត និង ៤០ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ហើយក៏ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងតំបន់៕


ប្រភព៖ Khaosod