បន្ទាប់ពីការសម្របសម្រួលរួចស្រេចនូវការភាន់ច្រឡំគ្នា រវាងស្ត្រីជនជាតិខ្មែរ និង ទាហានថៃនៅប្រាសាទតាមាន់ ថ្មីៗនេះសារព័ត៌មានថៃបានចុះផ្សាយចោទប្រកាន់ថា ស្ត្រីកម្ពុជារូបនេះមានតួនាទីគឺជាទាហាននៅកម្ពុជា។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស បានបញ្ជាក់នៅរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឱ្យបានដឹងថា ការអះអាងរបស់សារព័ត៌មានថៃ លើស្រ្តីជនជាតិខ្មែរដែលប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំជាមួយទាហានថៃនោះ ថាគាត់មានតួនាទីជាទាហាន គឺជាព័ត៌មានបំភ្លៃ ខណៈស្រ្តីរូបនោះមិនមែនជាទាហានទេ គាត់គ្រាន់តែជាអ្នករកស៊ីលក់ដូរតាម Online តែប៉ុណ្ណោះ។
ក្នុងនោះ អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស សូមឱ្យប្រជាពលរដ្ឋកុំយល់ច្រឡំ និង សូមឈប់ផ្សព្វផ្សាយ និង កុំចែករំលែកព័ត៌មានមិនពិតខាងលើ៕
ប្រភព ៖ អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស