នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កៀកនឹងថ្ងៃពិធីបុណ្យសែនចូលឆ្នាំចិនខិតជិតមកដល់ អ្នកគ្រូហុងស៊ុយ ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកអំពីវិធីសែនយកហេងក្នុងថ្ងៃចូលឆ្នាំចិន ២០២៥ ខាងមុខនេះ។
ក្នុងនោះអ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងថា នៅក្នុងថ្ងៃសែនចូលឆ្នាំចិន ២៨ ខែមករា ឆ្នាំ ២០២៥ ដើម្បីសែនយកហេង គឺតម្រូវឱ្យពេលសែនពាក់អាវ «ពណ៌លឿង» ដែលទី ១ នោះគឺ ដោយសារនៅក្នុងថ្ងៃដែលយើងសែន ធាតុភ្លើង និង ធាតុមាស មកអមជាមួយគ្នាវាធ្វើឱ្យពិឃាតគ្នាធ្វើឱ្យយើងចាយលុយច្រើន ដូច្នេះដើម្បីឱ្យយើងកាត់បន្ថយការចំណាយលុយ ទាល់តែយើងយកធាតុដីមកកែ។
ក្នុងនោះអ្នកគ្រូបានឱ្យដឹងទៀតថា ពណ៌តំណាងធាតុដីដែលអាចជំនួសពណ៌លឿងបាន គឺមានពណ៌ត្នោត ពណ៌សាច់ ពណ៌គគី សុទ្ធសឹងតែជាពណ៌ធាតុដី ដែលពណ៌ទាំងនេះអាចជួយកាត់បន្ថយការឆុងបានដូចគ្នា។
ក្រៅពីនេះ អ្នកគ្រូបានបញ្ជាក់ពីម៉ោងវេលាសែនឱ្យដឹងផងដែរថា ថ្ងៃទី ២៨ គឺថ្ងៃ រកា ហើយនៅក្នុងឆ្នាំ ២០២៥ ជាឆ្នាំម្សាញ់ ដូច្នេះម៉ោងដែលសែននៅក្នុងខែមករានេះ គឺខែឆ្លូវ ដែលជាចៃដន្យថ្ងៃទី ២៨ បើយើងប្រើពណ៌លឿងហើយ សែនត្រូវម៉ោងទៀត គឺកាន់តែធ្វើឱ្យយើងហេងខ្លាំង ខណៈក្រណាត់ក្រាលក៏អាចរៀបពណ៌លឿងបានផងដែរ ហើយចំពោះម៉ោងដែលសែនល្អជាងគេ គឺម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ១១ ព្រឹក គឺម៉ោងម្សាញ់៕