មានករណីដ៏មិននឹកស្មានមួយ បានកើតឡើងនៅក្នុងប្រទេសប្រេស៊ីល ដោយមាននារីម្នាក់ កំពុងតែដើរផ្សារទិញអីវ៉ាន់សុខៗ ស្រាប់តែទូរស័ព្ទនៅក្នុងកាបូបផ្ទុះ បណ្តាលឱ្យឆាបឆេះពេញខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយនារីខាងលើ កំពុងតែដើរផ្សារទិញអីវ៉ាន់ជាមួយនឹងប្តី នៅក្នុងផ្សារទំនើបមួយកន្លែង។ ខណៈនាងកំពុងដើរមើលអីវ៉ាន់នោះ ស្រាប់តែទូរស័ព្ទដែលនៅក្នុងកាបូបស្ពាយរបស់នាងក៏ផ្ទុះយ៉ាងមិននឹកស្មាន បណ្តាលឱ្យមានការឆាបឆេះខ្លួននាងគួរឱ្យរន្ធត់ ហើយប្តីនាងក៏បានប្រញាប់ជួយប្រពន្ធដោយការព្រួយបារម្ភផងដែរ។
យ៉ាងណាមិញ ចុងក្រោយនាងក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីរក្សាព្យាបាលរបួស ហើយក្នុងនោះប្តីនាងបានឱ្យដឹងថា ទូរស័ព្ទដែលបានផ្ទុះ គឺជាម៉ាក Motorola E32 ដែលទិញមកប្រើមិនទាន់បានមួយឆ្នាំស្រួលបួលនៅឡើយទេ។ ដោយឡែក ខាងក្រុមហ៊ុន Motorola ក៏បានទាក់ទងទៅជនរងគ្រោះ ដើម្បីធ្វើការត្រួតពិនិត្យទៅលើករណីនេះផងដែរ៕
ប្រភព៖ Khaosod