នៅម៉ោង ២ រសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និង មានការចូលរួមពីតំណាងប្រទេសចិន ដើម្បីពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងកម្ពុជា-ថៃ។
ជាលទ្ធផល នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន ក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីអាម៉េរិក និង ចិននៅថ្ងៃនេះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើ ៣ ចំណុចសំខាន់ៗក្នុងថ្ងៃនេះគឺ ៖
ទី១. ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើការឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង ១២ នៃយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ
ទី២. ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យបណ្ដាមេទ័ពនៅតាមបណ្ដាភូមិភាគដែលកំពុងមានជម្លោះតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ស្អែកនេះ
ទី៣. ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យមានកិច្ចប្រជុំ JBC ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដែលគ្រោងរៀបចំធ្វើនៅដើមខែសីហា ខែក្រោយនេះ៕
គួរឱ្យដឹងផងដែរថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump៕