ថ្មីៗនេះ សារព័ត៌មានបរទេស បានរាយការណ៍ពីករណីរបស់ក្មេងប្រុសម្នាក់វ័យ ១៩ ឆ្នាំ ដែលបានបាត់បង់ជីវិត ដោយត្រូវសត្វតោខាំសម្លាប់ ក្រោយពីសុខៗបានផ្លោះរបងចូលទៅក្នុងទ្រុងរបស់វា។

ហេតុការណ៍ខាងលើបានកើតឡើងនៅ សួនសត្វ Arruda Camara ក្នុងទីក្រុង João Pessoa ប្រទេសប្រេស៊ីល ចំណែកជនរងគ្រោះ គឺជាក្មេងប្រុសវ័យ ១៩ ឆ្នាំ ឈ្មោះ Gerson de Melo Machado។ តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសខាងលើនេះ បានផ្លោះរបងកម្ពស់ ៦ ម៉ែត្រ ចូលទៅក្នុងទ្រុងសត្វតោញីមួយក្បាលឈ្មោះថា Leona ហើយក៏ត្រូវបានវាខាំស្លាប់នៅនឹងមុខមនុស្សម្នាយ៉ាងច្រើន។

យ៉ាងណាមិញ ក្រោយពីកើតហេតុសួនសត្វ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយរង់ចាំការស៊ើបអង្កេត ដែលក្នុងនោះការស៊ើបអង្កេតបឋមបានឱ្យដឹងថា ករណីនេះអាចជាការប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ហើយម្យ៉ាងទៀតជនរងគ្រោះមានប្រវត្តិមកពីគ្រួសារដែលកើតជំងឺវិកលចរិតទៀតផង។ លើសពីនេះទៅទៀត ជនរងគ្រោះធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកបង្វឹកសត្វតោ ដោយធ្លាប់បញ្ចេញសកម្មភាពប្រថុយប្រថានជាច្រើន ដូចជាការចូលទៅលេងក្នុងកង់យន្តហោះជាដើម៕
