រំជួលចិត្ត! ឪពុកដុះសាច់ខួរក្បាល មុនលាចាកលោកបានឆ្លៀតសរសេរសំបុត្រជូនពរថ្ងៃកំណើតទុកឱ្យកូនៗដល់អាយុ ៣០ ឆ្នាំ
ពិតជារំជួលចិត្តណាស់នូវរឿងរ៉ាវរបស់ឪពុកមួយរូប ដែលដឹងខ្លួនថាមិនអាចនៅជាមួយកូនៗទៀតបានដោយសារតែកើតជំងឺដុះសាច់ខួរក្បាល ក៏បានប្រញាប់សរសេរសំបុត្រជូនពរថ្ងៃកំណើតទុកមុនឱ្យកូនស្រីទាំងពីរដល់អាយុ ៣០ ឆ្នាំ។
រឿងរ៉ាវមួយនេះ បានកើតឡើងទៅលើគ្រួសារជនជាតិអង់គ្លេសមួយដែលបុរសជាឪពុកបានរកឃើញថាខ្លួនបានកើតជំងឺដុះសាច់ខួរក្បាលនៅក្នុងឆ្នាំ ២០១៥ ហើយក៏បានទទួលការព្យាបាលជារឿយៗ ប៉ុន្តែនៅតែមិនអាចរក្សាជីវិតបាន ចុងក្រោយក៏បាត់បង់ជីវិតទៅនៅក្នុងឆ្នាំ ២០២០។
ក្នុងនោះ គ្រួសារនេះនៅសល់តែកូនស្រីពីរនាក់តូចៗរស់នៅជាមួយម្តាយ ហើយម្តាយបានឱ្យដឹងថា មុននឹងស្វាមីខ្លួនបានលាចាកលោកទៅ គេឆ្លៀតសរសេរសំបុត្រជូនពរថ្ងៃកំណើតទុកឱ្យស្រីទាំងពីររហូតដល់ពួកគេមានអាយុ ៣០ ឆ្នាំ ពោលគឺរហូតទាល់តែកូនធំដឹងក្តី ព្រោះតែចង់ឱ្យកូនមានអារម្មណ៍ថាគេនៅក្បែរ នៅពេលដែលពួកគេឆ្លងថ្ងៃកំណើតដោយគ្មានឪពុក។
យ៉ាងណាមិញ រឿងរ៉ាវមួយនេះបានធ្វើឱ្យមហាជនរំជួលចិត្តណាស់ និង ម្នាក់ៗសរសើរបុរសជាឪពុកថា បើទោះជាវិនាទីចុងក្រោយក៏នៅតែនឹកដល់កូន ចង់ឱ្យកូនមានភាពកក់ក្តៅ គឺពិតជាឪពុកល្អពិតមែន៕