ថ្មីៗនេះ មានស្រ្តីជាម្តាយម្នាក់នៅឯប្រទេសថៃ បានទម្លាយពីហេតុការណ៍ដ៏គួរឱ្យតក់ស្លុត ដែលកូនស្រីវ័យ ៧ ឆ្នាំ ត្រូវបានពស់ចឹក ខណៈនៅលេងបិទពួនជាមួយនឹងមិត្តភក្តិ។

តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុក្មេងស្រីខាងលើបានទៅលេងបិទពួនជាមួយប្អូនប្រុស និង មិត្តភក្តិនៅក្នុងព្រៃមុខផ្ទះរបស់ញាតិមិត្តដែលនៅក្បែរផ្ទះនាង។ លេងបានតែមួយសន្ទុះ ស្រាប់តែនាងចេញមកវិញ ហើយមកប្រាប់យាយតានៅឯផ្ទះថានាងត្រូវពស់ចឹកចំម្រាមដៃ ទើបយាយតាក៏បានផ្អើលឆោឡោទូរសព្ទទៅប្រាប់ម្តាយនាងដែលកំពុងតែធ្វើការ ហើយក៏បានបញ្ជូននាងទៅមន្ទីរពេទ្យ នៅជិតផ្ទះ។

យ៉ាងណាមិញ មន្ទីរពេទ្យដែលនៅជិតផ្ទះគ្មានថ្នាំព្យាបាលគ្រប់គ្រាន់ ទើបស្រ្តីជាម្តាយក៏បានបញ្ជូនកូនទៅកាន់មន្ទីរពេទ្យប្រចាំខេត្តជាបន្ទាន់ ហើយគ្រូពេទ្យក៏បានព្យាបាលជួយជីវិតកូនបានសម្រេច។ ដោយឡែក គ្រូពេទ្យបានសន្និដ្ឋានថា ពស់ដែលខាំក្មេងស្រីខាងលើជាពស់ដែលមានពិសខ្លាំងណាស់ តែជាសំណាងល្អដែលម្តាយរបស់នាងបានយកមកសង្រ្គោះទាន់ពេលវេលា៕


ប្រភព៖ Khaosod