នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍បានជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬ សមរាត្រីប្រាសាទអង្គរ Equinox Angkor ដែលអាចនឹងកើតឡើងនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ៥:០០ នាទីព្រឹក ដល់ម៉ោង ៦:៣០ នាទីព្រឹក។
ក្នុងនោះក្រសួងបានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor នេះ តែងកើតឡើងចំនួន ២ ដង ជារៀងរាល់ឆ្នាំ ដោយលើកទី ១ គឺ សមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២១ ដល់ ២៣ ខែមីនា នៅវេលាម៉ោង ៥:០០ ព្រឹក ដល់ម៉ោង ៦:៣០ ព្រឹក និង លើកទី ២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២១ ដល់ ២៣ ខែកញ្ញា វេលាម៉ោង ៥:០០ ព្រឹក ដល់ម៉ោង ៦:៣០ ព្រឹក។
គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និង ផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕