មហាជននិយមតាមដានព័ត៌មានរបស់អ្នកសិល្បៈច្បាស់ជាបានជ្រាបមកហើយ នូវរឿងរ៉ាវកំពុងចែករំលែកពេញលើបណ្តាញសង្គមហ្វេសប៊ុក ពីរៀមច្បង សិស្សប្អូនក្នុងវិថីសិល្បៈ រហូតធ្វើឱ្យផ្ទុះការវែកញែក និង បញ្ចេញមតិជាបន្តបន្ទាប់ពីអ្នកគាំទ្រ និង អ្នកនៅក្នុងរង្វង់សិល្បៈជាដើម។
ងាកទៅកាន់ជំទាវ ចន ច័ន្ទលក្ខិណា ឯណោះវិញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Lakamo លោកជំទាវក៏បានធ្វើកិច្ចសម្ភាសមួយ និង លើកឡើងពីរឿងរសើបខាងលើ ថាស្រដៀងនឹងបទពិសោធរបស់លោកជំទាវ និង រៀមច្បង ម៉េង កែវពេជ្ជតា កាលពីពេលកន្លងទៅដែរ។
ក្នុងនោះ ជំទាវ ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា លោកជំទាវសុំលើកយករឿងខ្លួនឯងមកឆ្លុះបញ្ចាំងពីជីវិតពិត ដោយការ ដែលបកស្រាយទៅមកៗប្រៀបដូចជាការសាចទឹកដាក់គ្នា ហើយបទពិសោធរបស់លោកជំទាវ និង អ្នកនាង ម៉េង កែវពេជ្ជតា ក៏ឃើញជាគំរូស្រាប់។ ដូច្នេះហើយ គឺទទួលរងផលប៉ះពាល់វិបត្តិផ្លូវចិត្តរៀងៗខ្លួន។
លោកជំទាវបានបន្តទៀតថា អ្វីដែលអ្នកសិល្បៈត្រូវមាន គឺសន្តិភាពក្នុងចិត្ត ហើយបើសង្ស័យលើរឿងអ្វីមួយ ល្អបំផុតគឺការតទល់មុខគ្នា និយាយគ្នាដើម្បីរកដំណោះស្រាយ ហើយអ្វីដែលសំខាន់គឺការតាំងចិត្ត និង ច្បាស់លាស់ចំពោះខ្លួនឯងថា ការជួបជជែកគ្នានេះ គឺយើងម្នាក់ៗចង់រកដំណោះស្រាយដើម្បីបន្តការរាប់អានគ្នាបន្តទៀតដែរ ឬទេ។
ជាក់ស្ដែង ដូចរឿងរ៉ាវរវាងលោកជំទាវ និង រាជិនីសំឡេង ម៉េង កែវពេជ្ជតា បានផ្ដល់បទពិសោធជាច្រើនដល់លោកជំទាវ ហើយមកទល់បច្ចុប្បន្ន លោកជំទាវផ្ទាល់ក៏បានទម្លាក់រឿងកន្លងមកចោលដូចគ្នា៕