នៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យជាថ្មីនៅក្នុងប្រទេសថៃ ដោយបានឆាបឆេះទៅលើរោងចក្រផលិតប្លាស្ទិកមួយកន្លែង បង្កជាផ្សែងទ្រលោមពេញអាកាស ហើយខូចខាតទឹកប្រាក់ជាង ១០ លានបាត ដែលស្មើនឹងប្រមាណជាង ៣០ ម៉ឺនដុល្លារអាមេរិក។
តាមព័ត៌មានបានឱ្យដឹងថា រោងចក្រខាងលើនេះ ឈ្មោះថា Universal Flexible Packaging Co., Ltd. ស្ថិតនៅឃុំណងឈុមភុន ស្រុកខាវយ៉ៃ ខេត្តផេចឆៈបុរី។ នៅកន្លែងកើតហេតុគេឃើញមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមានផ្សែងខ្មៅចេញពីអគាររោងចក្រ។ ភ្លើងបានឆាបឆេះរាលដាលយ៉ាងលឿន ព្រោះតែក្នុងរោងចក្រនេះមានស្តុកអាកុលសម្រាប់ជាវត្ថុធាតុដើមផលិតថង់ផ្លាស្ទិកនោះ។
យ៉ាងណាមិញ អ្នកពន្លត់អគ្គិភ័យបានធ្វើការអន្តរាគមន៍រហូតដល់ទៅ ២ ម៉ោង ដោយប្រើឡានពន្លត់ចំនួន ១០ គ្រឿង ទម្រាំតែអាចទប់ទល់ជាមួយអគ្គិភ័យនេះបាន។ ដោយឡែក តាមព័ត៌មានបានឱ្យដឹងថា នេះមិនមែនជាលើកទី ១ ឡើយ ពោលគឺរោងចក្រនេះបានឆេះជាលើកទី ៣ ហើយ ដោយរាល់ដងគឺសុទ្ធតែឆេះធ្ងន់ធ្ងរ បើនិយាយពីការខូចខាតវិញ គឺមិនក្រោមពី ១០ លានបាតនោះទេ៕
ប្រភព៖ Khaosod