តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ក្រុមហ៊ុនដែលមានបុគ្គលិកចម្រុះយេនឌ័រ ជាពិសេស មានស្ត្រីជាអ្នកតំណាងនៅក្នុងការដឹកនាំឬធ្វើការទូទៅ ច្រើនតែមានប្រៀបជាងក្រុមហ៊ុន ដែលផ្តោតតែបុគ្គលិកជាបុរស។ វាមិនមែនកើតឡើងដោយចៃដន់នោះទេ បុគ្គលិកស្ត្រីនាំយកនូវលក្ខណៈពិសេសច្រើន ដែលអាចជួយជំរុញការចូលរួម ការពេញចិត្ត ផលិតភាព និង ផ្នែកសំខាន់ៗជាច្រើនទៀត។ ខាងក្រោមនេះ ជាលក្ខណៈពិសេសរបស់ស្ត្រី ដែលជាចំណែករីកចម្រើនដ៏សំខាន់នៅក្នុងក្រុមហ៊ុន។
១. បង្កើនការពេញចិត្តការងារ
តាមការអង្កេតមួយរបស់អ៊ីស្លង់បានរកឃើញថា អ្នកដែលធ្វើការនៅកន្លែង ដែលមានតុល្យភាពយេនឌ័រស្ត្រី និង បុរស គឺទទួលបានពិន្ទុខ្ពស់បំផុតទៅលើ ផលិតភាព ចំណង់ចំណូលចិត្ត ការពេញចិត្តធ្វើការ និង អវត្តមានតិចបំផុត បើប្រៀបធៀបទៅនឹងកន្លែងធ្វើការ ដែលគ្រប់គ្រងដោយបុរសឬផ្តោតតែបុរសសុទ្ធ។ សូម្បីការសិក្សាជាច្រើនទៀត ក៏រកឃើញដែរថា ជាទូទៅស្ត្រីមានការពេញចិត្តនឹងតួនាទីរបស់ពួកគេច្រើនជាងបុរស។ និយាយជារួម បុគ្គលិកស្ត្រីអាចជួយឱ្យបុគ្គលិករាល់គ្នា មានការពេញចិត្តនៅក្នុងតួនាទីរបស់ពួកគេកាន់តែខ្លាំង អាចដឹកនាំប្រកបដោយភាពរីករាយ និង រក្សាប្រសិទ្ធភាពគុណភាពខ្ពស់។
២. ជំរុញការសហការ
បុគ្គលិកជាមនុស្សស្រីមានលក្ខណៈពិសេស អាចជួយជំរុញកិច្ចសហការគ្នានៅកន្លែងធ្វើការ។ ក្នុងនោះរាប់បញ្ចូលទាំងរបៀបសន្ទនា ការលើកដាក់សំឡេង និង ការប្រើកាយវិការទំនាក់ទំនង ដែលអាចឱ្យគ្រប់គ្នាបើកចិត្តចែករំលែកចំណេះដឹង និង ជំនាញ។ កាលណាគ្រប់គ្នាបើកចិត្តចែករំលែក និង មតិកែលម្អ វានឹងជំរុញដល់ការបង្កើតអ្វីដែលថ្មី និង ឆ្ពោះទៅរកលទ្ធផលដ៏រឹងមាំ។
៣. មានទស្សនប្លែក
ជាមួយការជំរុញដល់កិច្ចសហការ បុគ្គលិកស្ត្រីនឹងបញ្ចេញទស្សនប្លែកៗ ឬអាចថាមានគំនិតពូកែដោះស្រាយជាងបុរស។ បើតាមការលើកឡើងរបស់ លោកស្រី Amy Loden វេជ្ជបណ្ឌិតនៅគ្លីនិកដ៏ល្បីនៅសហរដ្ឋអាមេរិក Vitality Medical and Wellness Consulting និយោជិតស្ត្រីពិតជាមានតម្លៃអស្ចារ្យ ដោយសារពួកគេពូកែជម្នះការប្រឈម និង តែងនាំយកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ពួកគេចូលចិត្តសហការគ្នា និង ពូកែតភ្ជាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋាន ហើយដោះស្រាយបានប្រយោជន៍ទាំងសម្រាប់ក្រុមការងារផង ក៏ដូចជាអតិថិជនផង។ អ្នកស្រាវជ្រាវផ្សេងទៀតបានកត់សម្គាល់ថា កាលណាក្រុមហ៊ុនមានអ្នកដឹកនាំជាស្ត្រី នោះអាជីវកម្មនឹងបើកឱកាសក្នុងការផ្លាស់ប្តូរ និង ប្រថុយដើម្បីជោគជ័យ។
៤. មានភាពបត់បែនខ្ពស់
តាមការកត់ត្រារបស់ McKinsey’s Women in the Workplace 2022 ស្ត្រីអ្នកដឹកនាំកម្របោះបង់ការងារចោល ដោយហេតុពួកគេមានភាពបត់បែនជាង និង ការប្តេជ្ញាជាងបុរស។ ជាពិសេស ស្ត្រីវ័យក្មេងពួកគេមានការប្តេជ្ញាកាន់តែខ្ពស់។ ជាការពិត ជិត ៨០ % នៃស្ត្រីអាយុក្រោម ៣០ ឆ្នាំ សុទ្ធតែអាចធ្វើការច្រើនមុខក្នុងពេលតែមួយ ពូកែកែប្រែស្ថានការណ៍ សូម្បីតែស្ត្រីខ្លះមានកូន ក៏ពួកគេនៅតែអាចធ្វើការបានយ៉ាងល្អ។
៥. ជំរុញការគាំទ្រ
និយោជិតស្ត្រីអាចជួយបណ្តុះការគាំទ្រក្នុងមជ្ឈដ្ឋានកន្លែងធ្វើការ ដែលអាចជួយឱ្យក្រុមការងារកាន់តែមានការចូលរួម និង ពេញចិត្តចំពោះការងារពួកគេ។ តាមការស្រាវជ្រាវមួយ អ្នកគ្រប់គ្រងជាស្ត្រីអាចដឹងពីរបៀបគាំទ្រកូនចៅ ដែលអាចឱ្យពួកគេអភិវឌ្ឍន៍ប្រកបដោយវិជ្ជាជីវៈ។ នៅពេលក្រុមការងារមានអារម្មណ៍ទទួលបានការគាំទ្រ ពួកគេនឹងកម្រជួបបទពិសោធធ្វើការដោយគ្មានថាមពល បាក់ទឹកចិត្ត ឬការបន្ទាបតម្លៃតួនាទី។ មិនត្រឹមតែក្នុងការងារ ការទទួលបានអារម្មណ៍គាំទ្រ ក៏ជួយដល់សុខភាពផ្លូវកាយ និង ផ្លូវចិត្តផងដែរ៕
ប្រភព៖ Forbes