បន្ទាប់ពីបាត់បង់ដំរីដែលប្រៀបបាននឹងកូន ដែលបានចំណាយពេល ២៦ ឆ្នាំ នៅជាមួយច្រើនជាងគ្រួសារ លោក ទ្រី ស៊ីថេង បានបង្ហោះសារនៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះឱ្យបានដឹងថា លោកមានបំណងធ្វើចេតិយ និង រូបសំណាកឡាក់គី នៅកន្លែងផ្នូររបស់ឡាក់គី ទុកជាតំណាងសម្រាប់បងប្អូនយើងដែលស្រលាញ់នាង។
ការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីដំរីញីឡាក់គីជាទីស្រឡាញ់ បានបាត់បង់ជីវិត នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ កន្លងទៅ។
សូមរំឭកផងដែរថា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ឧទ្យានសួនសត្វព្រៃការពារ និង សួនភូតគាម ភ្នំតាម៉ៅ នៃរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជូនដំណឹងអំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ «ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី ២៤ ខែសីហា ឆ្នាំ ២០២៥ ខណៈក្រុមពេទ្យសត្វ បានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន ដែលក្នុងនោះ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី ក៏បានបន្តជួយថែទាំ «ឡាក់គី» បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ៕