ស្របពេលលើបណ្ដាញសង្គមកំពុងផ្ទុះចែករំលែកតតាំងនឹងការឈ្លានពានពីខាងប្រទេសថៃមកលើកម្ពុជា ក្រឡេកមើលវិស័យបវរកញ្ញាក៏កំពុងផ្ទុះការវែកញែកខ្លាំងលើបវរកញ្ញាដែលនៅបន្តពាក់ព័ន្ធកម្មវិធីរបស់ថៃ ដោយក្នុងនោះអ្នកគាំទ្របានផ្ទុះរិះគន់ខ្លាំងលើកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈបានឃើញនាងនៅតែរក្សាតំណែងជា 5th runner Up MGI 2022 លើប្រូហ្វាលហ្វេសប៊ុក និង អ៊ីនស្តាក្រាម។
ក្នុងនោះ ជុំវិញរឿងតំណែងនេះដែរ ធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាបានផ្ទុះចែករំលែក និង វែកញែកយ៉ាងក្ដៅគគុកលើបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានទទូចឱ្យនាងលុបតំណែងជា 5th runner Up MGI 2022 ចេញពីបណ្ដាញសង្គមជាដាច់ខាតផងដែរ។
ក្រោយរងការរិះគន់វែកញែកខ្លាំង ងាកលើគណនីហ្វេសប៊ុករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ឃើញថានាងបានដាច់ចិត្តលុបតំណែងជា 5th runner Up MGI 2022 នោះហើយ។ យ៉ាងណាមិញ ដ្បិតតែបានលុបលើគណនីហ្វេសប៊ុកមែន ប៉ុន្តែទៅមើលលើគណនីអ៊ីនស្ដាក្រាមរបស់បវរកញ្ញារូបនេះវិញ គេមិនបានឃើញនាងលុបឡើយ ដោយនៅរក្សាឈ្មោះតំណែងនេះដដែល ព្រមទាំងរក្សានូវរូបភាពគ្រងមកុដ និង បំពាក់ឆៀងតំណែង 5th runner Up MGI 2022 ទៀតផង៕