មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរទៅកាន់អ្នកគ្រូវ័យក្មេង ជាគ្រូបង្រៀនសាលាឯកជនមួយរូប ដែលបានដើរចេញពីបន្ទប់ជួលបម្រុងទៅបង្រៀនសិស្ស តែត្រូវគាំងបេះដូងដួលស្លាប់ នៅវេលាម៉ោងប្រមាណ ០៦ និង ៣៥ នាទី នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ត្រង់ចំណុចទីតាំងបន្ទប់ជួលមួយកន្លែង នៅតាមបណ្តោយផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈប្រភពព័ត៌មាន ដែលទទួលបានពីអាជីវករនៅក្បែរនោះបានឱ្យដឹងថា មុនពេលកើតហេតុអ្នកគ្រូបង្រៀនសាលាឯកជនរូបនេះ បានដើរចេញពីបន្ទប់ជួល មកដល់ច្រកចេញស្រាប់តែដួលប្រកាច់ ហើយភ្លាមៗនោះអ្នកនៅក្បែរនោះក៏បានជួយសង្គ្រោះទាក់ទងទៅកាន់រថយន្តសង្គ្រោះ តែជាអកុសលអ្នកគ្រូត្រូវបានបាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក៏ដូចជាកម្លាំងជំនាញបច្ចេកទេស និង វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើកុសល្យវិច្ច័យ ទៅលើសាកសពរបស់អ្នកគ្រូផ្ទាល់ផងដែរ៕