ខឹងចិត្ត ប្ដី និង ម្ដាយក្មេកទុកតែម្ហូបសល់ឱ្យរាល់ថ្ងៃ ពួយកុម្ម៉ង់ម្ហូបមកញ៉ាំតែម្នាក់ឯង ហើយឈប់ខ្វល់ធ្វើការផ្ទះទាំងអស់
ជារឿយៗ យើងតែងឮពីរឿងម្ដាយក្មេក និង កូនប្រសាដោយស្ត្រីដែលរៀបការរួចហើយទៅរស់នៅផ្ទះស្វាមីភាគច្រើន តែងរងការមិនពេញចិត្តពីសំណាក់ម្ដាយក្មេក ខ្លះក៏មានជោគវាសនាល្អបានជួបប្ដីយល់ចិត្ត ខ្លះទៀតក៏មិនសំណាងល្អជួបតែការធ្វើបាបទាំងម្ដាយ និង ប្ដីជាដើម។
ជាក់ស្ដែងថ្មីៗនេះ ស្ត្រីម្នាក់រស់នៅខេត្ត Zhejiang ប្រទេសចិន បានចែករំលែកឱ្យដឹងថា ៖ «តាំងពីរៀបការចូលគ្រួសារប្ដី ខ្ញុំប្រៀបដូចជាទាសីមួយរូបដែលត្រូវម្ដាយក្មេក និង ប្ដីធ្វើបាបមិនលស់ថ្ងៃ ហើយសូម្បីតែរឿងអាហារក៏ខ្ញុំមិនដែលបានញ៉ាំឆ្អែតនោះដែរ ដោយខ្ញុំតែងញ៉ាំអាហារដែលពួកគាត់ញ៉ាំនៅសល់ជារៀងរាល់ថ្ងៃ»។
«ការងារផ្ទះទាំងអស់គឺខ្ញុំជាអ្នករ៉ាប់រង មិនថាបោកគក់ បោសផ្ទះ លាងចាន ហើយម្ហូបក៏ខ្ញុំជាអ្នកធ្វើ ប៉ុន្ដែពេលម្ហូបឆ្អិនពួកគាត់មិនឱ្យខ្ញុំហូបភ្លាមទេ ដោយឱ្យខ្ញុំទៅមើលមាន់ទា ហើយដាក់ចំណីឱ្យវាជាមុនសិន។ ពេលខ្ញុំមកវិញគឺពួកគេញ៉ាំម្ហូបសឹងតែអស់ ដោយទុកតែម្ហូបនៅសល់ឱ្យខ្ញុំញ៉ាំ ជាមួយចានឱ្យលាង»។
«ដោយអស់ការអត់ទ្រាំ ខ្ញុំក៏បានសម្រេចចិត្តថាចាប់ពីពេលនេះទៅខ្ញុំនឹងឈប់ធ្វើម្ហូប លាងចានទៀតហើយ ដោយទុកឱ្យពួកគេជាអ្នកធ្វើវិញ ហើយពេលខ្ញុំឃ្លាន ខ្ញុំនឹងកុម្ម៉ង់ញ៉ាំតែខ្លួនឯងពេលមើលមាន់ទា ដោយមិនបាច់ពិបាកចម្អិនហត់អស់កម្លាំងទៀតទេ»។
«៦ ថ្ងៃក្រោយពេលខ្ញុំឈប់លាងចាន ម្ដាយក្មេកខ្ញុំបានមកស្ដីបន្ទោសថា ពួកគាត់អស់ចង្កឹះ និង ចានប្រើហើយ ចានដែលមិនទាន់លាងវាមានក្លិនផ្អូមជូរពេញផ្ទះពិបាកទ្រាំណាស់ គ្រួសារគាត់ខំចំណាយលុយ ៨ ម៉ឺនយ័ន (ប្រមាណ ១១ ០០០ ដុល្លារ) មកដណ្ដឹងខ្ញុំ ហើយខ្ញុំចង់រស់នៅដោយមិនធ្វើការផ្ទះមែនទេ តើវាសមនឹងតម្លៃបណ្ណាការដែលដណ្ដឹងទេ? ឬក៏ខ្ញុំចង់ឱ្យគាត់បម្រើវិញ? គាត់មិនព្រមធ្វើជាដាច់ខាតព្រោះគាត់អស់លុយចូលស្ដីខ្ញុំច្រើនណាស់»។
«ក្រោយឮបែបនេះ ខ្ញុំក៏តវ៉ាវិញថា ខ្ញុំមិនខ្លាចនឹងធ្វើកិច្ចការផ្ទះទេ តាំងពីដើមមកខ្ញុំធ្វើរហូត មាន់ទាក៏ខ្ញុំអ្នកមើល តែហេតុអ្វីគ្រាន់តែអាហារមិនឱ្យខ្ញុំញ៉ាំបានគ្រប់គ្រាន់ និង ញ៉ាំជុំជាមួយអ្នកទាំងអស់គ្នា? ហេតុអ្វីបានទុកតែម្ហូបសល់ឱ្យខ្ញុំ? ទាំងដែលខ្ញុំជាអ្នកចម្អិន»៕