ក្រោយពីការឈ្លានពានពីសំណាក់ប្រទេសថៃមកកាន់កម្ពុជា បណ្តាលឱ្យកងកម្លាំងពលីជីវិត រងរបួស, ប្រជាជនក្មេងចាស់ប្រុសស្រីត្រូវជម្លៀស, តំបន់ជាច្រើនត្រូវបានកម្ទេច ជាពិសេសនោះ គឺប្រាសាទព្រះវិហារ ដែលជាបេតិកភ័ណ្ឌពិភពលោកត្រូវបានរងការខូចខាត បានធ្វើឱ្យប្រជាជនកម្ពុជាឈឺចាប់ និង ចងចាំគ្មានថ្ងៃភ្លេច។
ខណៈនេះ គេបានឃើញបងប្អូនអ្នករកស៊ី ប្រជាជនកម្ពុជាជាច្រើនបានប្តេជ្ញាបញ្ឈប់ការប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ ដោយខ្លះបានបង្ហាញសកម្មភាពបណ្តើរៗហើយ ដូចជាការទម្លាក់ប៉ាណូហាងចោល និង ការឈប់ទិញផលិតផលនានារបស់ថៃ។ លើសពីនោះ អាជីវករ ដែលមានទំនិញថៃក្នុងដៃខ្លះក៏បោះចោល និង ខ្លះទៀតលក់លាងស្តុកឱ្យអស់ ដើម្បីបញ្ឈប់ការនាំចូលទៀត។
ដោយឡែក ក្រឡេកមកមើលម្ចាស់ពានកម្មវិធី MasterChef Khmer រដូវកាលទី ២ កញ្ញា ប៉ិច ស្រីណុច បាន និង កំពុងត្រៀមចេញលក់ផលិតផលទៅតាមជំនាញជាស្នាដៃរបស់ខ្លួន គឺម្សៅស៊ុបមាន់។ ក្នុងនោះ ម្សៅស៊ុបមាន់របស់កញ្ញា ប៉ិច ស្រីណុច បានឆ្លងកាត់ការត្រួតពិនិត្យជាបន្តបន្ទាប់ដែរ ដោយនឹងត្រៀមដាក់លក់លើទីផ្សារឆាប់ៗនេះ៕