(វីដេអូ) បង្ហាញមុខបុគ្គលដ៏សំខាន់ម្នាក់ នៅពីក្រោយជោគជ័យពេញដោយកិត្តិយសរបស់ ល្អហួស ដែលបានជួយដុសខាត់នាងតាំងពីតូច
ពេលនេះ ជូរី ល្អហួស បានក្លាយជាបវរកញ្ញាយុវតីដ៏មានសក្ដានុពលទទួលបានការស្រឡាញ់ពេញចិត្ត និង សរសើរស្ងប់ស្ងែងពីមហាជនខ្មែរស្ទើរទូទាំងប្រទេស ជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យរបស់នាងលើឆាកអន្តរជាតិយកមកជូនជាតិមាតុភូមិវិញដោយក្ដីមោទកភាពបំផុត។
ជាការពិត មហាជនអ្នកគាំទ្រដែលតាមដានបវរកញ្ញាយុវតី ជូរី ល្អហួស ដែលទើបឈ្នះមកុដ Miss Preteen Junior Idol World 2024 នេះ បានដឹងហើយថា កុមារីវ័យ ១៥ ឆ្នាំរូបនេះ មានទាំងសមត្ថភាព ទេពកោសល្យ ចំណេះដឹង និង ជំនាញលើវិស័យសិល្បៈផ្សេងៗជាច្រើន ដែលកើតចេញពីការខិតខំប្រឹងប្រែងដុះខាត់ខ្លួនតាំងពីតូចៗមកម៉្លេះ។
យ៉ាងណាមិញ បើនិយាយពីការហ្វឹកហាត់នៃជំនាញសិល្បៈតាំងពីក្មេងរហូតធំដឹងក្ដីរបស់ ជូរី ល្អហួស ដែលជាចំណែកដ៏ធំមួយធ្វើឱ្យរូបនាងទទួលបានជោគជ័យពេញដោយកិត្តិយសដូចសព្វថ្ងៃ ត្រូវបានគេដឹងថាជាការរួមចំណែកដ៏សំខាន់ពីបុគ្គលល្បីម្នាក់ គឺជាអ្នកគ្រូរបាំរបស់នាងមានឈ្មោះថា ទេស សុខន។ ចំពោះអ្នកគ្រូរបាំ ទេស សុខន អាចនិយាយបានថាជាបុគ្គលដ៏សំខាន់ម្នាក់ពីក្រោយភាពជោគជ័យរបស់ ល្អហួស ដែលតែងនៅចាំជួយដល់រូបនាងទាក់ទងនឹងសិល្បៈបុរាណតាំងពីតូចៗ ពោលគឺបង្ហាត់បង្រៀនពេញដោយការយកចិត្តទុកដាក់លើសិល្បៈរបាំគ្រប់ទម្រង់ដល់រូបនាង៕