នៅវៀតណាម សប្បាយអរបានឈប់ ៦ ថ្ងៃទៅស្រុកភ្លេចលាងចានឆ្នាំង មានអីត្រឡប់មកវិញ ធ្លាក់ថ្លើមក្ដុក
ខណៈពិធីចូលឆ្នាំកន្លងទៅនេះ ជាពេលវេលាដែលប្រជាជនវៀតណាមជាច្រើនបានត្រឡប់ទៅលេងស្រុកកំណើតយ៉ាងស្រណុកចិត្ត ព្រោះបានឈប់រហូតដល់ទៅ ៦ ថ្ងៃជាប់គ្នា តែពេលត្រឡប់មកវិញ ម្នាក់ៗពិតជាហួសចិត្ត ព្រោះឆ្នាំងបាយឆ្នាំងសម្លរបស់ខ្លួនដុះផ្សិតគួរឱ្យខ្លាច។
ថ្មីៗនេះ មានរូបភាពជាច្រើនសន្លឹកត្រូវបានគេចែកចាយពេញបណ្តាញសង្គមវៀតណាម ដែលជារូបភាពរបស់ឆ្នាំងបាយឆ្នាំងសម្លដែលទុកយូរថ្ងៃរហូតដល់ដុះផ្សិត ព្រមទាំងមានសត្វចូលគួរឱ្យរអើម។ តាមពិតឆ្នាំងបាយ ទាំងអស់នេះ ទៅជាសភាពបែបនេះ ព្រោះតែម្ចាស់ប្រញាប់រត់ទៅស្រុកពេក ទាល់តែភ្លេចសម្អាតទុក រហូតទាល់ ៦ ថ្ងៃទើបត្រឡប់មកវិញ ដល់ពេលមកដល់ ក៏ប្រញាប់ចូលធ្វើបាយធ្វើទឹក តែឃើញឆ្នាំងបាយហើយក៏ហួសចិត្តតែម្តង។
យ៉ាងណាមិញ មហាជនជាច្រើនឃើញហើយពិតជារអើមសឹងតែគ្រប់គ្នា អ្នកខ្លះក៏ឆ្លៀតបន្ទោសម្ចាស់ឆ្នាំង ដែលមិនមើលឱ្យសព្វជ្រុងជ្រោយសិនមុននឹងទៅស្រុក ព្រោះរឿងនេះក៏ចាត់ទុកជារឿងអនាម័យមួយដែលគួរឱ្យយកចិត្តទុកដាក់ដែរ៕
ប្រភព៖ World Forum