នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យ បានឆាបឆេះទៅលើផ្សារបោះដុំ និង លក់រាយបន្លែផ្លែឈើមួយកន្លែងនៅក្នុងប្រទេសថៃ ដែលបង្កឱ្យមានការចលាចល ព្រមទាំងខូចខាតក្នុងតម្លៃរាប់លានបាត។
តាមព័ត៌មានបានឱ្យដឹងថា ផ្សារខាងលើនេះមានឈ្មោះថាផ្សារ Hua It ស្ថិតនៅក្នុងស្រុក Muang ខេត្ត Nakhon Si Thammarat ជាទីកន្លែងបោះដុំ និង លក់រាយបន្លែផ្លែឈើយ៉ាងសំខាន់សម្រាប់ប្រទេសថៃភាគខាងត្បូង។ ដោយឡែក ការឆាបឆេះបានចាប់ផ្តើមនៅម៉ោង ៩ នាទីព្រឹក ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ ដោយចាប់ឆេះពីតូបលក់អង្ករ និង សណ្តែកនៅក្នុងផ្សារ រួចក៏រាលដាលទៅកាន់តូបដទៃទៀត ដែលបណ្តាលឱ្យខូចខាតយ៉ាងហោចណាស់អស់ចំនួន ៥ តូប និងត្រូវប៉ាន់ស្មានថាខាតបង់ទឹកប្រាប់ប្រហែលជារាប់លានបាត។
អាជ្ញាធរបានធ្វើការពន្លត់អស់រយៈពេល ៣០ នាទី ទើបភ្លើងបានស្ងប់ទៅ ហើយក្នុងនោះសាក្សីបានឱ្យដឹងថាគេបានឮសំឡេងផ្ទុះឆ្លងចរន្តអគ្គិសនីមុននឹងអគ្គិភ័យបានកើតឡើង។ យ៉ាងណាមិញ សមត្ថកិច្ចជំនាញបានចុះពិនិត្យជាក់ស្តែង និង ស្រាវជ្រាវរកមូលហេតុពិននៃការឆាបឆេះ ទើបវាយតម្លៃការខូចខាតពិតប្រាកដ៕
ប្រភព៖ Khaosod