នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ នៅប្រទេសថៃបានប្រទះហេតុការណ៍អគ្គិភ័យមួយទាំងព្រឹកព្រលឹម ដោយមានទូកទេសចរណ៍ ២ គ្រឿងបានឆេះហ៊ុយទ្រលោម នៅមាត់ទន្លេចៅផ្រាក់យ៉ា ក្រុងបាងកក។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ ៥ និង ៣០ នាទីព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ដោយមានទូកទេសចរណ៍ចំនួន ២ គ្រឿង ដែលបានចតនៅមាត់ទន្លេចៅផ្រាក់យ៉ា លើផែសណ្ឋគារ Anantara Riverside ក្នុងខណ្ឌធុនបុរី បានឆាបឆេះខ្មួលខ្មាញ់ បង្កជាការភ្ញាក់ផ្អើលដល់មហាជននៅតំបន់នោះយ៉ាងខ្លាំង។
យ៉ាងណាមិញ ខាងអាជ្ញាធរបានចុះទៅអន្តរាគមន៍ជាបន្ទាន់ ដោយប្រើពេលប្រមាណ ២០ នាទីក្នុងការពន្លត់ ហើយអាជ្ញាធរក៏កំពុងតែស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះនេះផងដែរ។ ដោយឡែក ក្នុងករណីនេះគ្មានជនណាម្នាក់ទទួលការរងរបួសនោះទេ៕
ប្រភព៖ Khaosod