អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា ច្បាស់ជាបានជ្រាបមកហើយនូវរឿងរសើបនៃការដាក់ពាក្យចូលរួមប្រកួតរបស់កញ្ញា ប៊ី សុធារី ក្នុងកម្មវិធី Miss Cosmo Cambodia 2025 គេឃើញមានការបញ្ចេញមតិវែកញែកជាច្រើន បន្ទាប់ពីអ្នកស្រី អ៊ឹម សុគន្ធា អតីត ND Miss Grand Cambodia 2024 បង្ហោះសារហាក់មិនសូវរីករាយមួយដូចជាចង់សំដៅដល់ការដាក់ពាក្យចូលប្រកួតរបស់កញ្ញា ប៊ី សុធារី។
កាលនោះ គេចាំបានថា អ្នកស្រី អ៊ឹម សុគន្ធា បានបង្ហោះសារមួយ ក្រោយកញ្ញា ប៊ី សុធារី បានប្រកាសចូលរួមប្រកួតកម្មវិធី Miss Cosmo Cambodia 2025 ថា៖ «ថ្លើមធំណាស់! ហ៊ានចូលប្រកួតរំលងខ្ញុំផង។ មិនដឹងថាដាក់ឈ្មោះអីឱ្យចំទេ អាត្មានិយមណាស់។ បើអ្នករំលងខ្ញុំបែបនេះ មិនគិតដល់ខ្ញុំ ចឹងខ្ញុំក៏មិនទុកដែរ រង់ចាំមើលថាខ្ញុំនឹងធ្វើបែបណាក្មេងឈ្លើយ»។ បន្ទាប់ពីនោះ រវាងអ្នកទាំងពីរក៏ស្ងប់ស្ងាត់មិនមានការឆ្លើយឆ្លងអ្វីទៀតឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ នៅក្នុងថ្ងៃបំពាក់ឆៀងផ្លូវការ Miss Cosmo Cambodia 2025 កញ្ញា ប៊ី សុធារី ក៏បានផ្តល់កិច្ចសម្ភាសក្នុងកម្មវិធី Pop Show ជាមួយ «ប្រជាប្រិយ» ឆ្លើយតបជុំវិញរឿងរ៉ាវផ្ទុះការវែកញែកនឹងក្រុមហ៊ុនចាស់របស់នាង។
ក្នុងនោះ កញ្ញា ប៊ី សុធារី បានបញ្ជាក់ថា៖ «សម្រាប់រឿងនេះ នាងសុំនិយាយត្រង់ ជារឿង confidential រវាងខ្ញុំ និង ក្រុមហ៊ុនចាស់! វាមានរឿងខ្លះ ដែលមានភាពយល់ច្រឡំមួយចំនួន ដែលធ្វើឱ្យយើងយល់ច្រឡំគ្នាទៅវិញទៅមក ហើយយើងក៏ព្យាយាមដោះស្រាយគ្នាតាមសន្តិវិធីដែរ ហើយខ្ញុំសូមអត់បញ្ជាក់ទេ ថាពាក់ព័ន្ធកុងត្រារបៀបណា ព្រោះវាជារឿង confidential រវាងខ្ញុំ និង ក្រុមហ៊ុនចាស់។ តែខ្ញុំហ៊ាននិយាយតែមួយម៉ាត់ទេថា មុនខ្ញុំសម្រេចចិត្តចូលរួមប្រកួត ខ្ញុំដឹងខ្លួនឯងច្បាស់ ថាខ្ញុំបានធ្វើអី ខ្ញុំបានដោះស្រាយអ្វីខ្លះ ដែលខ្ញុំអាចដាក់ពាក្យចូលប្រកួតហើយ វាអត់ប៉ះពាល់ដល់ខ្ញុំខ្លួនឯង ក៏ដូចជាកិត្តិយសរបស់ខ្ញុំ និង គ្រួសាររបស់ខ្ញុំដូចគ្នា ពីព្រោះមុននឹងធ្វើអ្វីមួយខ្ញុំគិតគូរដល់ខ្លួនឯង និង មនុស្សជុំវិញខ្លួន កុំឱ្យមានបញ្ហាអ្វីទាំងអស់ ខ្ញុំសង្ឃឹមថា អ្នកតាមដានរឿងនេះ នឹងយល់ដូចគ្នា»។
លើសពីនេះ ប៊ី សុធារី ក៏បានបន្ថែមដែរថា៖ «ជាចុងក្រោយខ្ញុំសូមសំណូមពររឿងមួយ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងអត់ស្អប់អ្នកណាគេម្នាក់ទេ មិនថាខាងណាក៏ដោយ ព្រោះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាយល់ថា រឿងខ្លះយើងអត់អាចស្តាប់តែម្ខាងទេ តែមិនប្រាកដម្ខាងទៀតអត់បកស្រាយគេខុស ប៉ុន្តែថ្វីដ្បិតខ្ញុំអត់បកស្រាយ ខ្ញុំទទួលខុស ហើយខ្ញុំបកស្រាយហើយខាងនោះខុសទេ ខ្ញុំគ្រាន់តែចង់ឱ្យរឿងគ្រប់យ៉ាងបញ្ចប់ដោយរលូន បញ្ចប់ដោយសន្តិវិធី និង ចង់ឱ្យប្រជាជនខ្មែរផ្តោតលើព័ត៌មានសង្គម ជាងព័ត៌មានរសើប»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូលម្អិត៖