នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ តទៅ។
ក្នុងនោះ ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង ម៉ូតូកង់បួន ត្រូវបានដាក់ដំណើរការសាកល្បងចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ តទៅ តាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ឬអាចទៅកាន់ទីតាំងចំនួន ២ រៀងរាល់ម៉ោងធ្វើការ ដែលមានដូចជា ៖
– ទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
– មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ
បន្ថែមលើសពីនេះ ករណីសាធារណជន មានតម្រូវការសំណូមពរ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ ឬមតិយោបល់ កែលម្អណាមួយ អាចផ្តល់ព័ត៌មានតាមរយៈប្រអប់សារ ឬ ទំនាក់ទំនងតាមរយៈទូរសព្ទ HOTLINE «1275» ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕