មហាជនអ្នកគាំទ្រវិស័យចម្រៀងបានជ្រាបហើយពីតារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានប្ដូរឈ្មោះហៅ ពេជ្រ ខ្មែរ ជាតារាចម្រៀងពន្លកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ដែលលោកបានក្លាយម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះកាលពីអំឡុងឆ្នាំ ២០១៧ ដោយពេលនោះលោកមានវ័យទើបតែ ១២ ឆ្នាំប៉ុណ្ណោះ។


ប៉ុន្មានឆ្នាំក្រោយពីលើកពាន គេសង្កេតឃើញថា ពេជ្រ ថៃ បានក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស ដែលលោកបានសាងស្នាដៃថ្មីៗជាច្រើន និង ចេញបទចម្រៀងជាបន្តបន្ទាប់សុទ្ធសឹងតែទទួលបានការគាំទ្រ មិនថាបទបែបមនោសញ្ចេតនា ឬ បែបចង្វាក់ផ្សេងៗ ធ្វើឱ្យលោកអាចរក្សាប្រជាប្រិយភាពនៃការស្រឡាញ់គាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់មកដល់ពេលនេះ។




យ៉ាងណាមិញ មកដល់បច្ចុប្បន្ន តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ កាន់តែធំពេញកំលោះ ដែលឆ្នាំនេះមានវ័យ ២០ ឆ្នាំហើយ ក្រៅពីវិស័យសិល្បៈ លោកក៏ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍លើជីវិតឯកជនផ្សេងៗរបស់លោកដែរ។ ជាក់ស្ដែង មួយរយៈក្រោយនេះ ស្របពេលបង្ហាញសកម្មភាពមមាញឹកលើវិស័យសិល្បៈ និង រកចំណូល ឃើញថាតារាចម្រៀងវ័យក្មេងរូបនេះ ក៏ឆ្លៀតបង្ហាញពីការសិក្សារបស់ខ្លួន ដែលពេលនេះ លោកកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រ ជានិស្សិតជំនាញមេធារីទៀតផង៕









