បើលើកពីពិធីករូបសង្ហារបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័នយកមកបង្ហាញ មហាជននិយមតាមដានទស្សនាកម្មវិធីនានារបស់ទូរទស្សន៍នេះ ច្បាស់ជាបានស្គាល់លោក ជួប សុភ័ក្ត្រ ជាក់ជាមិនខាន។ ក្នុងនោះ ពិធីកររូបនេះគឺជាពិធីករមួយរូប ដែលមានវោហាសាស័ព្ទសម្បូរបែប និង ឈរជើងលើវិថីសិល្បៈជាច្រើនឆ្នាំមកហើយ។

ជាការពិត លោក ជួប សុភ័ក្ត្រ បានបោះជំហានចូលក្នុងវិថីសិល្បៈដំបូងតាមរយៈការប្រកួត Freshie Boy&Girl ឆ្នាំ ២០០៣ ជំនាន់ទី ២ ដោយលោកទទួលបានចំណាត់ថ្នាក់លេខ ៣ ខណៈលោក ជា វិបុល ទទួលបានចំណាត់ថ្នាក់លេខ ១។ ក្រោយទទួលបានតំណែងពីការប្រកួតខាងលើហើយ លោក ជួប សុភ័ក្ត្រ ក៏បានក្លាយជាតារាសម្តែង និង ជាតារាចម្រៀងមួយរូបក្នុងផលិតកម្មរស្មីស្ទឹងសង្កែ រហូតក្លាយមកជាពិធីករដល់ពេលបច្ចុប្បន្ន។

ងាកទៅកាន់ជីវិតឯកជនឯណោះវិញ បើទោះជាមើលទៅរូបសម្រស់នៅក្មេងសង្ហាមិនចាញ់ប្អូនៗស្រករក្រោយក៏ពិតមែន ប៉ុន្តែលោក ជួប សុភ័ក្ត្រ បានរៀបការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកមានកូនប្រុសកំលោះធំទន្ទឹមនឹងខ្លួនហើយ។ លើសពីនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ កូនប្រុសរបស់លោក ជួប សុភ័ក្ត្រ គឺជាកីឡាករបាល់ទាត់មួយរូបផងដែរ៕




