មានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយបានកើតឡើងនៅឯតៃវ៉ាន់ ដោយមានស្រ្តីចំណាស់ម្នាក់បាននឹកឃើញវិធីយកលុយជំពាក់មកវិញ គឺលួចផ្តិតក្រយៅដៃពីសពមកបន្លំធ្វើកិច្ចសន្យាក្លែងក្លាយ ដើម្បីទារលុយពីគ្រួសារសព តែចុងក្រោយត្រូវជាប់គុក។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះមានវ័យ ៥៩ ឆ្នាំ ធ្លាប់មានរឿងចម្រូងចម្រាស់បំណុលជាមួយនឹងបុរសម្នាក់ តែក្រោយពីដឹងថាបុរសនេះបានស្លាប់បាត់បង់ជីវិតទៅ ស្រ្តីនេះក៏កើតគំនិតបោកប្រាស់ដ៏គួរឱ្យហួសចិត្ត។ ក្នុងនោះ នៅថ្ងៃបុណ្យសពរបស់បុរសនេះ ស្រ្តីខាងលើបានទៅចូលរួមដោយអះអាងថាជាអ្នកស្គាល់គ្នាស្និទ្ធស្នាល ហើយស្រាប់តែបន្លំឡើងទៅលើឡានដឹកសព និង បើកថង់រុំសពផ្តិតយកក្រយៅដៃរបស់សព តែក៏ត្រូវគ្រួសាររបស់សពចាប់បាន ព្រមទាំងប្តឹងទៅប៉ូលិស។

ប៉ូលិសបានឃាត់ខ្លួនស្រ្តីខាងលើនេះ រួមជាមួយនឹងឯកសារក្លែងក្លាយ ព្រមជាមួយនឹងសែកធនាគារជាច្រើនសន្លឹក ហើយនាងក៏បានសារភាពថា ដោយសារតែខ្លាចមិនបានលុយដែលធ្លាប់ឱ្យអ្នកស្លាប់ខ្ចី នាងក៏បានក្លែងបន្លំឯកសារបញ្ចាំដី និង កិច្ចសន្យាខ្ចីលុយដែលមានតម្លៃជាង ៨.៥ ដុល្លារតៃវ៉ាន់ ដើម្បីទារលុយមកវិញ។ ដោយឡែក នាងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធធនាគារចំនួន ២ ឆ្នាំ តែដោយសារតែនាងបានសារភាព ទើបតុលាការសម្រេចព្យួរទោសឱ្យ ៥ ឆ្នាំ និង ពិន័យជាប្រាក់ប្រមាណ ៥ ម៉ឺនដុល្លារតៃវ៉ាន់៕
