ក្មេងប្រុសម្នាក់ឈឺចាប់រ៉ាំរ៉ៃរាប់ឆ្នាំ ដុកទ័រ ១៧ នាក់វិភាគរកជំងឺមិនឃើញ ចុងក្រោយចាញ់កម្មវិធី AI មួយវិភាគរកឃើញ
ក្មេងប្រុសម្នាក់បានកើតជំងឺចម្លែក ត្រូវក្រុមគ្រួសាររកគ្រូពេទ្យឱ្យមើលរាប់ភ្លេច រយៈពេល ៣ ឆ្នាំ តែរកមិនឃើញថាឈឺជំងឺអ្វីឡើយ ដោយចុងក្រោយបែរជារកឃើញដោយកម្មវិធី AI មួយឈ្មោះ ChatGPT ថារូបគេកើតមានជំងឺដ៏កម្រមួយ។
ក្មេងប្រុសតូចរូបនោះមានឈ្មោះថា Alex នៅពេលចាប់ផ្ដើមឈឺ រូបគេមានអាយុទើបតែ ៤ ឆ្នាំប៉ុណ្ណោះ។ Alex កើតមានការឈឺចាប់រ៉ាំរ៉ៃ ដោយតាមម្ដាយរបស់គេ លោកស្រី Courtney បានរៀបរាប់ថា ប្រសិនបើគេមិនញ៉ាំថ្នាំបំបាត់ការឈឺចាប់រាល់ថ្ងៃនោះទេ គេនឹងមិនអាចទ្រាំទ្របាននោះឡើយ។
ក្រោយរងការឈឺចាប់មកមួយរយៈ អាកប្បកិរិយារបស់ Alex ក៏ចាប់ផ្ដើមប្រែប្រួលដូចគ្នា។ គេចាប់ផ្ដើមមានអារម្មណ៍ឆាប់តូចចិត្ត ឆាប់ឆេវឆាវ និង រាងកាយទន់ខ្សោយ។ ជាងនេះទៅទៀត គេក៏ចាប់ផ្ដើមចាប់ខាំរបស់របរផ្សេងៗ និង ខឹងសម្បាឡើង។ បន្ថែមពីនេះ Alex ក៏ដើរអូសជើងខាងឆ្វេង ហើយក៏ឧស្សាហ៍ឈឺក្បាលខ្លាំងផងដែរ។
ដោយក្ដីភ័យបារម្ភចំពោះកូន លោកស្រី Courtney តែងតែណាត់ជួបពេទ្យជំនាញជាច្រើនរាប់ភ្លេច ក្នុងរយៈពេល ៣ ឆ្នាំ ដើម្បីចង់ដឹងថាកូនរបស់គាត់កើតមានជំងឺអីឱ្យពិតប្រាកដ។ យ៉ាងណាមិញ ក្រោយពិភាក្សាជាមួយក្រុមគ្រូពេទ្យចំនួន ១៧ នាក់ លោកស្រី Courtney នៅតែមិនអាចទទួលបានចម្លើយដដែល។
ជម្រើសចុងក្រោយ លោកស្រីក៏បានសួរកម្មវិធី AI មួយឈ្មោះ ChatGPT ដោយសរសេរពីអាការទាំងអស់របស់កូនគាត់ ដោយកម្មវិធីនៃបច្ចេកវិទ្យាទំនើបមួយនេះ បានឆ្លើយតបមកវិញភ្លាមថា កូនរបស់គាត់បានកើតមានជំងឺកម្រ tethered cord syndrome។ បើតាម Cleveland Clinic អាការនៃជំងឺកម្រនេះ រួមមាន ការពិបាកក្នុងការដើរ ស្បែកប្រែពណ៌ ស្ពឹកជើង និង ខ្នង ឈឺចុកចាប់ត្រង់ជើង ឬ ខ្នង ជំងឺ scoliosis (ជំងឺឆ្អឹងខ្នងវៀច) មានបញ្ហាគ្រប់គ្រងប្រមាត់ និង ពោះវៀន និង ការបាត់បង់ម៉ាសសាច់ដុំ។
យ៉ាងណាមិញ ជំងឺប្រភេទនេះ គឺកម្រខ្លាំងណាស់ ដោយក្នុងកំណើតក្មេងនៅអាមេរិកក្នុងមួយឆ្នាំ អត្រាកើតមានជំងឺនេះ គឺតិចជាង ១ ភាគរយទៅទៀត។ ក្រោយទទួលបានចម្លើយជាក់លាក់ពី ChatGPT លោកស្រី Courtney ក៏បាននាំកូនប្រុស Alex ទៅទទួលការវះកាត់ ដោយទទួលបានជោគជ័យ ហើយរូបគេរំពឹងថានឹងអាចវិលត្រឡប់មកសភាពដើមវិញ ក្រោយជាសះស្បើយពីជំងឺ៕