ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និង គួរអោយគាំទ្រជាទីបំផុត ដែលនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ព្រះតេជគុណ គូ សុភាព បានបង្ហោះសារភ្ជាប់នឹងរូបភាព សុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចបវរធិបតី ពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប ១ អង្គ នៅក្នុងព្រលានយន្ដហោះថ្មី។
ទាក់ទិនទៅនឹងសំណើនេះ តាមរយៈផេក ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា ៖ «អាត្មាសូមចម្រើនពរ សុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចបវរធិបតី មេត្តាពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប ១អង្គ នៅក្នុងព្រលានយន្ដហោះថ្មី ដើម្បីជាសិរីសួស្ដី និង ស័ក្ដិសមជាប្រទេសដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ សូមសម្ដេចទទួលបាននូវសេចក្តីសុខ សេចក្ដីចម្រើនតទៅ»។
តាមរយៈសង្ឃដីការរបស់ព្រះតេជគុណនេះដែរ គេសង្កេតឃើញមានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចូលរួមគាំទ្រ និង ចែករំលែកបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គម៕