អាថ៌កំបាំងគួរឱ្យព្រឺឆ្អឹងខ្នង នៃជំនឿទាក់ទងនឹងលេខ ១៣ លេខមរណៈ
មនុស្សលើពិភពលោកប៉ែកបស្ចិមប្រទេស សុទ្ធតែមានការខ្លាចរអាចំពោះថ្ងៃសុក្រទី ១៣ ខុសពីថ្ងៃដទៃដោយសារពួកគេចាត់ទុកថា ថ្ងៃប្រភេទនេះគឺជាថ្ងៃដ៏មហាចង្រៃបំផុត។ ដើមកំណើតដំបូងគេ ដែលគេកំណត់លើអព្ភូតហេតុថ្ងៃសុក្រទី ១៣ គឺកើតមាននៅគ្រាមួយនៃវេលាព្រះយេស៊ូគ្រិស្តបានគេចាប់យកទៅឆ្កាង គឺនៅយប់ថ្ងៃព្រហស្បត្តិ៍ ជារាត្រីដ៏រីករាយបំផុតរបស់ទ្រង់ និង សាវ័កទាំង ១៣ របស់ព្រះអង្គ ដែលគេបានហៅវេលានោះថាជា «អាហារពេលល្ងាចចុងក្រោយ/The Last Supper» ព្រោះទ្រង់បានមានព្រះបន្ទូលប្រាប់ជនទាំងងស់នៅរាត្រីនោះថា ក្នុងចំណោមអ្នករាល់គ្នានឹងមានម្នាក់ក្បត់នឹងខ្ញុំ ហើយព្រឹកបន្ទាប់ព្រះយេស៊ូគ្រិស្តត្រូវបានគេឃាត់ខ្លួនជាមួយទារុណកម្មដ៏សែនព្រៃផ្សៃចាប់ទ្រង់ឆ្កាងដោយដំដែកគោលដែលត្រូវនឹងថ្ងៃសុក្រ ស្របពេល យូដា ត្រូវបានចាត់ទុកថាជាសាវ័កទី ១៣ ដែលក្បត់ព្រះយេស៊ូគ្រិស្ត។
ចាប់ពីសករាជនោះមក លេខ ១៣ ត្រូវបានគេចាត់ទុកថាជាលេខចង្រៃក្រៃលែង ជាកំណត់ត្រាសាវតាឧប្បត្តិហេតុប្រឆាំងនឹងសេចក្តីល្អ និង តំណាងឲ្យភាពខកបំណង និង គ្រោះថ្នាក់ចៃដន្យ។ ស្របពេលប៉ែកអាស៊ី គេមិនបានកំណត់លេខ ១៣ ជាលេខនាំសំណាងមិនល្អនោះទេ តែគេជឿថាលេខដែលនាំគ្រោះបំផុតនោះគឺលេខ ៤ ស្របពេលដែលអ្នកមានជំនឿជាច្រើនជឿថា បើយើងបូកលេខ ១ និង ៣ យើងនឹងទទួលបានគឺលេខ ៤។
មានហេតុការណ៍ចម្លែកៗជាច្រើនពាក់ព័ន្អនឹងលេខ ១៣ ដែលអ្នកប្រហែលមិនទាន់បានដឹង៖
១. មានការដុតសម្លាប់ទាហានរាប់ពាន់នាក់នៅច្រកបន្ទាយប្រទេសបារាំង ដោយស្តេចហ្វីលីព គឺត្រូវនឹង ថ្ងៃសុក្រ ទី ១៣ ខែតុលា ឆ្នាំ ១៣០៧ នៃគ្រឹស្តសករាជ ដែលក្រោយមកគឺត្រូវបានប្រកាសថា មានការយល់ច្រឡំ។
២. យោងតាមកំណត់ហេតុមន្ទីរពេទ្យទាំងអស់របស់ប្រទេសអង់គ្លេស អាត្រាគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាមដងវិថី និង សង្គ្រោះបន្ទាន់ គឺមានកម្រិតខ្ពស់បំផុតនៅរៀងរាល់ថ្ងៃសុក្រ ទី ១៣។
៣. មហាវិនាសកម្មផ្ទុះយានអាប៉ូឡូទី ១៣ (APOLLO XIII) បានសម្លាប់អវកាសយានិក ក្រោយពេលបង្ហោះយ៉ាងចៃដន្យនៅវេលាម៉ោង ១៣ និង ១៣ នាទី ។ រីឯកាលបរិច្ឆេទនៃការគ្រោះមហន្តរាយនោះ គឺនៅថ្ងៃទី ០៤ ខែវិច្ឆិកា គ្រិស្តសករាជ ១៩៧០ ដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺកាលបរិច្ឆេទនោះ គឺត្រូវជា ៤/១១/៧០ ត្រូវជា ៤+១+១+៧+០=១៣ ។
៤ . រាល់គម្រោងសាងសង់នៅលើពិភពលោក ការព្រមានខ្លាំងតែងត្រូវបានកំណត់ ដោយក្រុមហ៊ុនសាងសង់ លើសំណង់អគារជាន់ទី ១៣ បង្អួចទី ១៣ ជើងហោះហើរលេខ ១៣ កៅអីអង្គុយលេខ ១៣ បន្ទប់លេខ ១៣ ឬ សោរបន្ទប់ ១៣១៣ ផ្លូវលេខ ១៣ ជាពិសេសនៅសហរដ្ឋអាមេរិកមានរដ្ឋជាច្រើនគ្មានឡើយផ្លូវលេខ ១៣ ឡើយ រឹតតែគ្មានការចេញកប៉ាល់ ឬ នាវាចរ រៀងរាល់ថ្ងៃទី ១៣ ជាពិសេសគឺថ្ងៃសុក្រ ទី ១៣។
៥. នៅប្រទេសចិន ១៣ ជាលេខចង្រៃបំផុត ព្រោះបើគេបូកលេខ ១ + ៣ នឹងស្មើ៤ ដែលភាសាចិនអានថា ស៊ឺ ដែលន័យស្រដៀងគ្នានឹងពាក្យថា ស្លា-ប់។
៦. បច្ចុប្បន្នមានមនុស្សប្រមាណជាង ៦០ លាននាក់ មានប្រតិកម្មពីកំណើតជាមួយនឹងថ្ងៃនេះខ្លាំង រហូតដល់មានត្រណមមិនធ្វើដំណើរ សុំច្បាប់ការងារ ឬ មិនចេញពីផ្ទះ រៀងរាល់ថ្ងៃសុក្រទី ១៣។ ពេទ្យចិត្តវិទ្យាហៅជំពូកមនុស្សទាំងនេះថា Triskaidekaphobia គឺ មនុស្សដែលមានជំងឺខ្លាចលេខ ១៣ ។
៧. រហូតក្រុមហ៊ុន Paramount របស់ហូលីវូដ បានផលិតកុនដ៏មហារន្ធត់ដាក់ឈ្មោះថា Friday 13th ដែលជោគជ័យបំផុតក្នុងការ Franchise រហូតមានដល់វគ្គ ១២ ក្នុងពេលបច្ចុប្បន្ននេះ តែភាគទី ១៣ ត្រូវបានពន្យារពេលយូរជាងវគ្គណាៗទាំងអស់។
៨. ជណ្តើរប្រហារជីវិតរបស់លោកខាងលិច នៅសម័យបុព្វកាល តែងមានការសង់ដូចគ្នានោះគឺ ចំនួនកាំជណ្តើរ គឺមានចំនួន ១៣ កាំ មានន័យថាជាជំហានទៅរកភាពមិនអាចត្រឡប់មកវិញ ឬ ហៅខ្លីថា ទៅស្លា-ប់៕