បះសក់ច្រូង ក្រោយដឹងប្រវត្តិដ៏រន្ធត់នៃមន្ទីរពេទ្យវិកលចរិតមួយដែលល្បីបំផុតនៅកូរ៉េ
នៅក្នុងវប្បធម៌អរូបីយនៃសម័យទំនើប ជាពិសេសកុនរន្ធត់ដែលលងបន្លាច ពេទ្យសរសៃប្រសាទគឺ ជាប់លំដាប់លេខ១ នៃភាពល្បីល្បាញខ្លាំងចំពោះពាក្យថា HORROR ដោយសារតែ ភាពខុសប្លែកពីខ្មោចដទៃ ដែលអ្នកតែងតែឃើញពួកគេនៅក្នុងខ្សែភាពយន្ត ឬ រឿងភាគ ខ្មោចដែលស្លាប់នៅពេទ្យមនុស្សសរសៃប្រសាទមានរបៀបនៃការលងជាទីញាក់សាច់។ យ៉ាងណាមិញ រឿងរ៉ាវដែលប្រជាប្រិយនឹងលើកយកមកជូនលោកអ្នកពេលនេះ គឺជារឿងពិត។ បើអ្នកស្នេហាវិស័យភ័យរន្ធត់ កន្លែងនេះគឺ ត្រូវបានគេស្គាល់ថាជាចំណុចក្តៅគគុក សម្រាប់អ្នកប្រមាញ់ខ្មោចក្នុងទីក្រុងសេអ៊ូល មន្ទីរពេទ្យសរសៃប្រសាទ Gonjiam ដែលត្រូវបានគេបោះបង់ចោល តែក៏ត្រូវបានទាក់ទាញអ្នកស្វែងរកខ្មោចជាច្រើនឱ្យទទួលយកបទពិសោធន៍នៃការចង់ដឹងចង់ឮដ៏គួរឱ្យភ្ញាក់ផ្អើល ដែលនាំអ្នកទស្សនាតាមដានវិលទៅរក អតីតកាលដ៏ខ្មៅងងឹតដែលអគារនេះបន្សល់ទុក។
មន្ទីរពេទ្យនេះត្រូវបានដំណើរការយ៉ាងពេញលេញក្នុងទសវត្សរ៍ ៩០។ រឿងព្រេងងងឹតមួយបានដំណាលជាសាវតាថា អ្នកគ្រប់គ្រងអាគារនេះមានសុខភាពផ្លូវចិត្ត ហើយចុងក្រោយ គាត់បានឃុំអ្នកជំងឺវិកលចរឹតរបស់គាត់ធ្វើជាចំណាប់ខ្មាំង។ ជាមួយនឹងការស្លាប់ដ៏អាថ៍កំបាំងជាច្រើនរបស់អ្នកជំងឺដែលក្រុមគ្រួសារមិនបានប្រាប់ពីមូលហេតុ ហើយក្រោយទណ្ឌកម្ម និង អំពើឃាតកម្មបានបែកធ្លាយដល់សារព័ត៌មាន ម្ចាស់អគារបានរត់ភៀសខ្លួនដើម្បីគេចចេញពីការសំណាញ់ច្បាប់ ដោយទុកឱ្យមន្ទីរពេទ្យនោះគ្មានអ្នកគ្រប់គ្រង ក្ស័យធន់ រហូតប្រឈមមុខនឹងការបោះបង់ចោល។
ចាប់តាំងពីពេលនោះមក អ្នកស្រុកបានអះអាងថា មន្ទីរពេទ្យនេះជាកន្លែងខ្មោចលងបំផុតក្នុងប្រទេសកូរ៉េ ដែលជាកន្លែងគ្រប់គ្រងដោយខ្មោចបិសាចដ៏គួរឲ្យព្រឺរោម ក្រោយបានស្លាប់នៅក្នុង “ព្រឹត្តិការណ៍អាថ៌កំបាំង” អំឡុងពេលសំណាក់ព្យាបាល ប្រែមន្ទីរពេទ្យនោះទៅជាកន្លែងគួរឲ្យខ្លាច ព្រោះវាមានបរិយាកាសគួរឲ្យស្រៀវសាច់ និង ការសរសេរអក្សរ គំនូរលើជញ្ជាំង គូសវាស នៃអ្នកដែលបានចូលអាគារនោះ បូករួមទាំងគ្រឿងសង្ហារិមដែលបាក់បែក បន្សល់នូវបំនែក សម្ភារៈជាច្រើនបង្ហាញពីការដាក់ទណ្ឌកម្ម លើអ្នកជម្ងឺ យ៉ាងវេទនាក្រៃលែង ដានដោយឈាមលើកម្រាលឥដ្ឋ។
មិនថាអ្នកជឿរឿងខ្មោច ឬអត់ទេ នេះពិតជាកន្លែងមួយដែលគួរឱ្យខ្លាចបំផុត រាល់គ្រប់អ្នកដែលចូលទៅ ត្រូវបានលាន់មាត់គ្រប់គ្នា រហូតមានក្រុមហ៊ុនកុនល្បីៗយកដំណាលរន្ធត់នេះផលិតជាភាពយន្តទៀតផង៕