
ទម្លាយការពិតនៃភាពខុសគ្នារវាង ព្រាយចេកតានីថៃ និង ខ្មោចដើមចេកជ្វាខ្មែរ
ខ្មោចដើមចេក ជានាមអមនុស្សដ៏ល្បីដែលប្រទេសនៅអាស៊ីអាគ្នេយ៍ទទួលស្គាល់ និង សុទ្ធតែនិយាយថាធ្លាប់ឮ គឺមានភេទស្រី និង មានដំណាលនិទានខ្លាចរន្ធត់ក្រៃលែងតជំនាន់រហូតដល់សព្វថ្ងៃ ហើយសាវតាល្បីបំផុតលើពិភពលោកគឺ វត្តមានចេញពីប្រទេស ៣ មានប្រទេស ឡាវ សៀម និង ខ្មែរ។
មានរឿងរ៉ាវស្រដៀងគ្នានៃដំណាលអត្តសញ្ញាណអរូបដែលមានឈ្មោះថា ខ្មោចដើមចេកមួយនេះ ដែលធ្វើឲ្យមានការភាន់ច្រឡំគ្នា រហូតដល់មានការទាមទារសាវតាកំណើត Original ថាជារបស់ខ្លួនរៀងៗខ្លួនមិនដាច់ស្រេច ជាពិសេស សៀម និង ខ្មែរ វែកញែកជាហូរហែនៅលើប្រព័ន្ធបណ្តាញសង្គម។ ដើម្បីកាន់តែច្បាស់លាស់ សម្រាប់អ្នកសិក្សាស្វែងយល់កាន់តែស៊ីជម្រៅ និង ទុកជាទុនចំណេះដឹង ដល់ប្រិយមិត្តអ្នកអាន ថ្ងៃនេះ «ប្រជាប្រិយ» បានធ្វើការស្រាវជ្រាវប្រមែប្រមូលឯកសារមកចងក្រងជាប្រធានបទសិក្សាលម្អិតពីភាពខុសគ្នារវាងខ្មោចដើមចេក ២ ប្រទេសនេះ មានដូចតទៅ ៖
ប្រវត្តិសង្ខេបខ្មោចដើមចេកជ្វា
និយាយពីបុរសដែលទៅរកស៊ីស្រុកឆ្ងាយនោះ ក្រោយដែលបានទៅរកស៊ីមានលុយកាក់ល្មមត្រឡប់មកលំនៅម្ដងហើយ ក៏វិលត្រឡប់មកស្រុកកំណើតវិញ ស្របពេលស្រុកភូមិកំពុងវឹកវរនឹងរោគរាតត្បាត គេជម្លៀសពីមេរោគឡើងស្ងាត់ភូមិអស់ ក្រោយមនុស្សមួយនគរស្លាប់សឹងអស់ដោយជំងឺ ហើយក្នុងនោះក៏មានប្រពន្ធរបស់ខ្លួន។ ខ្មោចនាងនោះនៅតែរង់ចាំប្តីនៅផ្ទះចំណាស់ រហូតដល់ស្វាមីមកពីជួញ នាងហាមប្ដីមិនឲ្យចូលទៅក្នុងបន្ទប់ដេកនាងទេ ឲ្យគាត់សម្រាកនៅខាងក្រៅសិន។
ប្ដីនឹកឆ្ងល់នឹងឥរិយាបថដ៏ចម្លែករបស់ភរិយាណាស់ ដោយគាត់សង្កេតឃើញភ្នែកនាងធំៗ លៀនៗ បែបក្រហម ហើយក្រឡឹបក្រឡាប់ខុសពីធម្មតា ថែមទាំងធំក្លិនគំរង់សាកសព បក់ចេញពីបន្ទប់ដេកម្ដងៗផង គាត់ក៏ចង់ដឹងថាមានអ្វីនៅក្នុងបន្ទប់ដេកនោះ បានជានាងឃាត់មិនឲ្យចូល ? គិតសព្វគ្រប់ទៅ ក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធបន្តិចមក ឃើញលៀនអណ្ដាតយ៉ាងវែងកេវយកវែកដែលរបូតពីដៃធ្លាក់ទៅដីមកវិញ។
ប្ដីដែលចេះតែសម្លឹងអាកប្បកិរិយាប្រពន្ធ កាលបើឃើញដូច្នោះ ដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេ គឺច្បាស់ជាពួកបិសាចក្លែងភេទ ហើយទើបនឹកឃើញដល់រឿងដែលគេនិយាយប្រាប់ពីកណ្ដាលផ្លូវថា មានពួកបិសាចធ្វើបាបលោកសង្ឃ ដូចរៀបរាប់មកហើយនោះភ្លាម ក៏លបចូលទៅវែកមុងក្នុងបន្ទប់របស់ប្រពន្ធខ្លួនមើល ឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរុក។ គាត់ថយចេញមកវិញ ហើយគិតរកមធ្យោបាយដើម្បីដោះខ្លួនអំពីកណ្ដាប់ដៃមេបិសាចនេះ ដោយក្លែងថាចុះដីទៅនោមសិន។
ថាហើយគាត់ក៏ទៅ ចោះក្អមទឹកមួយដែលនៅក្បែរនោះបង្ហូរទឹកទៅដី ឮដូចមនុស្សនោមមែន។ ចោះរួចគាត់លបចុះ រត់បាតជើងសព្រាតតម្រង់ទៅរកអារាមមួយ ដែលមានលោកគ្រូមួយអង្គ ចេះមន្តអាគមគាថាពូកែខាងការពារខ្មោចបិសាច និង អាបធ្មប់។ ងាកក្រោយឃើញខ្មោចដេញតាម ដឹងខ្លួនថាមើលទៅស្ទុះមិនរួចអំពីកណ្ដាប់ដៃបិសាច ក៏រត់ឡើងដើមបាយម៉ាត ១ ដើមដែលនៅក្បែរនោះ។ នាងបិសាចមិនហ៊ានទៅជិតដើមនោះសោះ ចេះតែដើរក្រឡឹងៗ ក្បែរៗ ហើយស្រែកហៅប្ដីឲ្យចុះមក។
បុរសនោះដឹងថានាងបិសាចនេះ ពិតជាខ្លាចដើមបាយម៉ាតនេះហើយ បានជាមិនហ៊ានមកជិតអញសោះ ក៏កាច់មែកបាយម៉ាត ១ មែក លីដើរសំដៅទៅវត្ត។ ឯនាងបិសាចពិតមែនតែមិនហ៊ានទៅជិតបុរសជាប្ដី ដោយខ្លាចដើមបាយម៉ាតមែន តែនាងនៅតែដើរតាមក្រោយរហូត។ បុរសទៅដល់វត្តស្ទុះចូលទៅកណ្ដាលជំនុំព្រះសង្ឃ ដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារ ហើយពិតពុទ្ធដីកាព្រះសង្ឃតាមដំណើរ។ ពេលនោះលោកគ្រូដែលពូកែខាងមន្តអាគមគាថាក៏នាំបុរសទៅនៅក្នុងកុដិរបស់លោក ហើយសូត្រអាគមគាថាព័ទ្ធសីមាយ៉ាងស្វាហាប់។
ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះទេ។ ទៅក្បែរកុដិព្រះថេរៈអង្គនោះ មានដើមចេកជ្វា ១ ដើម ដែលមានធាងដុះចូលទៅត្រង់បង្អួចកុដិ។ នាងបិសាចក៏ឡើងតាមដើមចេកជ្វា ហើយសួតាមធាងចេកនោះ ឆ្លងចូលទៅក្នុងកុដិរបស់លោក កាច់-កប្ដីរបស់ខ្លួនសម្លាប់ក្នុងពេលនោះទៅ។
១. សាវតាឈ្មោះរុក្ខជាតិ
ខ្មោចដើមចេកខ្មែរ ត្រូវបានគេស្គាល់ថា «ខ្មោចដើមចេកជ្វា» រីឯខ្មោចចេករបស់សៀម ត្រូវបានប្រជាជនសៀមឲ្យនាមថា «ព្រាយចេកតានី» ជាប្រភេទចេកខុសពីចេកជ្វា ដែលចេកតានី ត្រូវបានគេហៅថា ចេកគ្រាប់ ឬ ចេកស្នាប់មុខ។
ខ្មោចចេកជ្វា នាងមិនបានជ្រកប្រាស្រ័យក្នុងដើមចេកដូចសៀមឡើយ ចេកជ្វាដែលនាងតោងឡើង គ្រាន់តែជាមធ្យោបាយដើម្បីនាំនាងទៅរកស្វាមីដែលរត់ចោលនាងតែប៉ុណ្ណោះ ខុសពីព្រាយចេកតានីរបស់សៀម ដែលកំណត់យករាល់គ្រប់រុក្ខជាតិចេកតានី ជាលំនៅរបស់ព្រាយ។
២. អំម្បូរអមនុស្ស
តំណាងនៃអមនុស្សទៀតសោត គឺមានលក្ខណៈសម្គាល់ខុសគ្នា ខ្មោចចេកជ្វា គឺជាអំបូរខ្មោច រីឯសៀមស្ថិតក្នុងអំបូរព្រាយ មានន័យថា វាអាចយកជីវិត ឬ ឆីមនុស្សសត្វបាន ខុសពីខ្មោចគឺមិនអាចឆីអ្វីបានឡើយក្រៅពីការលងបន្លាចយកជីវិត។
៣. សាវតាដំណាលនិទាន
ខ្មោចចេកតានី ភាសាសៀមសរសេរ นางตานี ឬ Lady of Tani ខ្លះហៅ (ผีตานี Ghost of Tani) ឬ Phrai Tani (พรายตานี Nymph of Tani) ប្រែថា ព្រាយចេកតានី ជ្រកកោនប្រាស្រ័យក្នុងដើមចេក ស្លៀកពាក់ក្រណាត់ និង ព័ទ្ធស្បៃពណ៌បៃតង លាបក្រែមក្រហមដូចឈាម រៀងរាល់រាត្រីខែពេញបូណ៌មី រមែងប្រែរូបចេញមកល្បួងលួងលោមប្រុសៗសាច់ដុំសង្ហា ឬ ពពួកមនុស្សខូច ព្រាននារី យកមករួមភេទរួមសង្វាសកាមគុណក្រោមដើមចេកតានី ទុកជាការកែកម្សាន្ត តែគ្មានឯកសារព្រេងនិទានណាមួយបានចងក្រងថា នាងស្លាប់ដោយសារអ្វីនោះឡើយ។
សាវតានិទានខ្មោចចេកជ្វាខ្មែរ មានលក្ខណៈលម្អិត ច្បាស់លាស់ជាងព្រេងនិទានរបស់សៀម ជាពិសេសមានកាលអាកាសបរិយាកាសសង្គមច្បាស់ ដោយមានបុព្វបុរសខ្មែរជឿបានដំណាលកូនចៅគ្រប់ជំនាន់ និង ចងក្រងជាព្រេងដំណាលខុសពីសៀម គ្មានដំណាលនិទានច្បាស់លាស់ ភាគច្រើនសាច់រឿងនិទានថ្មី ត្រូវបានកាឡៃដោយអ្នកនិពន្ធនៅទសវត្សទី ៨០ និង ៩០ ក្រោមរូបភាពផ្សេងៗគ្នា ឬ តួប្រុសក្នុងសម័យបច្ចុប្បន្នជួបនឹងព្រាយតានីនេះរួមជាសាវតាស្នេហាផ្សេងៗ ក្នុងបរិបថទស្សនីយភាពភាពយន្ត។
៤. បុគ្គលិកលក្ខណៈ
ចរិតលក្ខណៈព្រាយចេកតានី គ្មានទំនាក់ទំនងស្នេហាពិតប្រាកដឡើយ មិនតែប៉ុណ្ណោះមានរឿងដំណាលរួមក្តីស្នេហាជាមួយមនុស្សប្រុសលើសពី ១ នាក់ និង ប្រាស្រ័យនៅនឹងដើមចេកតានី ខុសពីខ្មោចចេកជ្វារបស់ខ្មែរ ជានារីប្រកបដោយស្វាមីភក្តិ មានផ្ទះជាលំនៅ និង រង់ចាំប្តីនៅលំនៅរហូតអស់សង្ខាក៏នៅរង់ចាំ ហាក់ស្រដៀងនឹងព្រេងនិទានរបស់នាងណាតរបស់សៀមបន្តិច តែខុសត្រង់ចុងបញ្ចប់ខ្មោចចេកជ្វាតោងតាមដើមចេកយកជីវិតប្តីក្នុងវត្ត ឯខ្មោចនាងណាត ទៅរកប្តីដល់ក្នុងវត្តដែរ តែមិនបានយកជីវិតប្តីខ្លួនឡើយ ហើយចុងក្រោយបុរសជាស្វាមី បានសាងភ្នួសជាព្រះសង្ឃបម្រើពុទ្ធសាសនា។
៥. ការជះឥទ្ធិពលលើជីវិតរស់នៅរបស់ប្រជាជន
ទោះជាសាវតាព្រេងនិទានយើងមានភាពលម្អិតជាងសៀមក៏ពិតមែន តែខ្មោចដើមចេកជ្វា មិនមានឥទ្ធិពលអប្បិយជំនឿខ្លាំងដូចព្រាយចេកតានីរបស់សៀមឡើយ។ រឿងនិទានខ្មោចចេកជ្វា បានផ្តល់ជាតម្លៃនៃជំនឿផ្នត់គំនិតទូន្មានប្រជាជនប្រុសស្រីមិនគប្បីដាំដើមចេកនេះជិតផ្ទះឡើយ ជាពិសេសជំនឿលើដើមបាយម៉ាត ថាជារុក្ខជាតិដែលខ្មោចខ្លាច តែជំនឿនេះហាក់សាបរលាបបន្តិចម្តងៗសឹងតែគ្មានក្មេងជំនាន់ក្រោយណាដែលស្គាល់ដើមបាយម៉ាត ឬ ចេកជ្វាផងនៅពេលបច្ចុប្បន្ននេះ ផ្ទុយពីព្រាយចេកតានី ត្រូវបានក្លាយជាទីគោរពសក្ការៈនៃប្រជាជនសៀម ជាពិសេសទីស្រុកស្រែចម្ការ ដោយសារគេជឿថា ការយកក្រណាត់ក្រហម ទៅរុំនៅដើមចេកនេះ នឹងធ្វើឲ្យខ្មោចជួយពួកគេរកស៊ីមានបាន និង សុំលេខឆ្នោតជាដើម -ល-។
លើសពីនេះទៅទៀតព្រាយចេកតានី កាន់តែមានប្រជាប្រិយភាពលើសៀវភៅគំនូររូបភាព Manga និង វីដេអូហ្គេមរបស់ក្មេងជំនាន់ក្រោយរបស់សៀម ដើម្បីបញ្ជ្រាបមនុស្សគ្រប់ប្រាណកាន់តែយល់ដឹងទូលំទូលាយពីសាវតាព្រាយចេកតានីជំនឿអរូបរបស់ជាតិខ្លួន៕