ល្បីនៅជប៉ុន មានខ្មោចឆត្រដើរលងសាហាវផ្អើលភូមិ តែបើដឹងសាវតាពិតនៃខ្មោចនេះ គឺគួរឱ្យអាណិតវិញ
កាលពីជាង ៣០០ ឆ្នាំមុន កិត្តិនាមវាត្រូវបានមហាជនទូទាំងប្រទេសជប៉ុននិទាន ដោយភាពខ្លាចរអារាប់ដំណ។ ប្រជាប្រិយភាពនៃអមនុស្សរូបនេះ មានភាពល្បីល្បាញពិតមែន តែមានរឿងដ៏គួរឲ្យខ្លាចជាច្រើននៅពីក្រោយអមនុស្សមួយប្រភេទនេះ យើងគ្រប់គ្នាហៅវាថាជា ឆត្រខ្មោច។
ឆត្រ ការ៉ាកាសា ត្រូវបានគេស្គាល់ផងដែរថាឈ្មោះពេញគឺ karakasa-kozō ឬ kasa-obake (ដែលមានន័យថា ខ្មោចឆត្រ)។ មហាជននៅប្រទេសជប៉ុនភាគច្រើនហៅកាត់ខ្លីថា «ឆត្រអូបាកិ» ព្រោះឈ្មោះនេះត្រូវបានគេឃើញមានវត្តមានច្រើន និង ពេញនិយមបំផុតក្នុងព្រេងនិទានកថា និង សៀវភៅកុមារជប៉ុន។
ប្រវត្តិដើមកំណើតឆត្រនេះ ក្នុងពង្សាវតាជំនឿអរូបរបស់ជប៉ុន បានចារដំណាលថាដំបូងឡើយ ឆត្រខ្មោច គឺត្រូវបានគេទិញពីប្រទេសចិន ដឹកឆ្លងមហាសាគរមកកាន់ប្រទេសជប៉ុន ដោយគ្រួសារត្រកូលអ្នកធូរធារវណ្ណៈយូកៃ មានឈ្មោះថា ស៊ូគូម៉ូហ្គាមី។ ឆត្រនេះ មានដងកាន់ ធ្វើពីចម្រៀកឫស្សី ដែលដើមកំណើតជាឈើឫស្សីដាំលើផ្នូរខ្មោច និង ប្រក់ដោយក្រដាសស្តើង។ សមាជិកគ្រួសារយូកៃ សែនស្រឡាញ់ឆត្រនេះណាស់ ក្រោយមានរឿងហេតុកើតឡើងលើគ្រួសារនេះ បណ្តាលឲ្យផ្ទះនោះក្លាយជាភូមិគ្រឹះដែលគ្មានម្ចាស់ ឆត្រអូបាកិនោះត្រូវបានគេទុកចោលបន្សល់នៅបន្ទប់ដាក់របស់របរខូចៗក្នុងទីងងឹត។ ជំនឿរបស់ជនជាតិជប៉ុនជឿថា រាល់របស់ដែលយើងប្រើប្រាស់មានអាយុលើសពី ១០០ ឆ្នាំ របស់ទាំងនោះនឹងមានការចងចាំ ហើយដល់កាលកំណត់ រៀងរាល់ថ្ងៃទី ១៣ ដល់ ១៦ ខែសីហា របស់ប្រើប្រាស់ទាំងនោះនឹងមានជីវិត។
តួយ៉ាងឆត្រដែលទុកចោលរង់ចាំម្ចាស់ក្នុងផ្ទះបាក់បែកដែលគ្មានអ្នករស់នៅ ក្រោមរដូវកាលបានប្តូរផ្លាស់ច្រើនខែឆ្នាំ រង់ចាំម្ចាស់ថ្មីកន្លងយូរទៅ អ្វីៗប្រែទៅរកក្តីអស់សង្ឃឹម។ លុះចំណេរក្រោយមក ប្រវត្តិសាវតានិទានថា ភ្នែកធំ ១ បានបើកឡើង លើផ្ទាំងក្រដាសនៃឆត្រចំណាស់ ផ្នែកផ្សេងៗនៃផ្ទាំងក្រដាសក៏ពុកផុយរហែកចេញក្លាយជារង្វះមាត់ ធ្លាក់អណ្តាតវែង ១ លៀនថ្លិលពីមាត់នោះយោលសំយ៉ុងស្រមោលមកលើផ្ទៃដី ហើយបន្តបន្ទាប់ច្រើនដំណមកដងឆត្រនោះ ក៏ដុះលូតចេញរាងជើងម្ខាងវែងទៅៗចេញជាក្រញ៉ាំម្រាមជើង ហើយឯកសារដំណាលថា ជើងនោះមានពាក់ហ្កាតា (ស្បែកជើងឈើម្យ៉ាងរបស់ជប៉ុន)។
គ្រាមួយព្យុះមួយបានបោកបក់ប៉ើងក្បឿងដំបូលផ្ទះចំណាស់ បន្សល់នូវឆត្រចាស់ក្រោមតំណក់ទឹកភ្លៀង ជោកជាំ ក្រោមព្យុះភ្លៀងដ៏ខ្មួរខ្មាញ់ ឆត្រមានជីវិតក៏ផ្លាតគន្លឹះរបើកឆត្រត្រដាងចេញមក ហោះគួចឡើងទៅលើមេឃបាត់។
ក្នុងប្រវត្តិរឿងនិទានឆត្រនេះ ក្រោយពេលឆត្រអូបាកិ បានទៅធ្លាក់ទើរលើចុងឈើនៅភូមិដ៏សុខដុមរមនា មានក្មេងៗតូចៗប្រទាញប្រទង់គ្នាឡើងយកឆត្រនោះមកលេងដោយភាពសប្បាយរីករាយ ហើយវាជាលើកទី១ ក្នុងឆាកជីវិត ដែលឆត្រមានជីវិតមានអ្នកលេងជាមួយ។ អូបាកិបើកភ្នែកញញឹម និង យកអណ្តាតលិឍក្មេងទាំងនោះ ធ្វើឱ្យក្មេងទាំងនោះនាំគ្នាស្រែក និង រត់បាតជើងសព្រាត។
ភាពឯកោអស់កាលជាយូរ ត្រូវបានបាត់បង់ ភាពល្បីថាឆត្រខ្មោចភ្នែកមួយបានដើរលងបន្លាចអ្នកភូមិ ដោយការលៀនអណ្តាតក៏បានល្បីខ្ទរខ្ទារ ដោយហៅឆត្រភ្នែក ១ ថា បិសាច តែឆត្រនេះ មិនមានភាពសាហាវឃោរឃៅ ឬ បង្កគ្រោះថ្នាក់អីដល់មនុស្សលោកឡើយ។
ផ្ទុយទៅវិញ នៅក្នុងកំណត់ត្រាសៀវភៅរន្ធត់ ឆត្រនេះបានក្លាយជាមិត្ត របស់បុរសជាងគំនូរម្នាក់ ហើយបានជួយអ្នកភូមិរហូតដល់អស់ជីវិត។ រហូតដល់ស.វទី ២១ អមនុស្សប្រភេទនេះ ក៏ត្រូវបានគេប្រើនៅលើគំរបសៀវភៅប្រលោមលោក ទស្សនាវដ្តី វីដេអូហ្គេម ខ្សែភាពយន្តរន្ធត់ និង ច្នៃលើសម្លៀកបំពាក់ Halloween costumes ដែលត្រូវបានក្មេងៗនិយមតុបតែងស្លៀកមិនដែលលស់ពេល។ វាជាតួអង្គអមនុស្សមួយប្រភេទដែលត្រូវបានក្លាយជានិមិត្តរូប និង ជាទិពេញនិយមនៃជនប្រុសស្រី នៅប្រទេសជប៉ុន រហូតទល់នឹងពេលបច្ចុប្បន្ន៕
ប្រភព៖ internet