
ផ្ទះ «ស្រីពេស្យា» មួយកន្លែង ត្រូវគេទុកចោល ៤០ ឆ្នាំ ល្បីមានខ្មោចលងសាហាវណាស់!
នៅក្នុងប្រទេសថៃសម្បូរទៅដោយរឿងអប្បិយជំនឿជាច្រើនមិនខុសគ្នាប៉ុន្មានពីប្រទេសកម្ពុជាឡើយ ដោយមានតំបន់ និង កន្លែងដ៏ព្រឺឆ្អឹងខ្នងមួយចំនួន ដែលគេជឿថាមានព្រលឹងវិញ្ញាណកំណាចកាចសាហាវលងបន្លាយ បើទោះបីជាបច្ចុប្បន្នជាសម័យជឿលឿនក៏ដោយ ប៉ុន្តែនៅតែមានមនុស្សជឿ និង មិនហ៊ានបំពានឡើយ ។
នាថ្ងៃនេះ យើងនឹងលើកបង្ហាញពីទីកន្លែងមួយដ៏ព្រឺឆ្អឹងខ្នង និង គួរឱ្យខ្លាចក្នុងប្រទេសថៃ ដែលគេជឿថាមានព្រលឹងតាមលងបន្លាចយ៉ាងសាហាវ នោះគឺផ្ទះនារីរកស៊ីផ្លូវភេទ ឬ ផ្ទះស្រីពេស្យា ដែលគេបោះបង់ចោលជាយូរឆ្នាំ ។
ផ្ទះនារីរកស៊ីផ្លូវភេទ ឬ ផ្ទះស្រីពេស្យានោះ ត្រូវបានគេបោះបង់ចោល ៤០ ឆ្នាំមកហើយ ហើយនៅទីនោះកាលពី ៤០ ឆ្នាំមុន មាននារីជាច្រើនបានចាញ់បោកគេ ដោយគេបានកុហកថានឹងជួយរកការឱ្យធ្វើ ប៉ុន្តែត្រូវគេបង្ខំឱ្យក្លាយជានារីរកស៊ីផ្លូវភេទបម្រើភ្ញៀវទាំងមិនទាន់គ្រប់អាយុនៅតាមបន្ទប់តូចៗដែលគ្មានបង្អួច និង ទទួលរងការវាយដំបំពានយ៉ាងសាហាវស្ទើររាល់ថ្ងៃ បើពួកនាងៗមិនព្រម ។
នៅក្នុងផ្ទះបននោះ មាននារីជាច្រើនបានស្លាប់ជាបន្តបន្ទាប់ ក្រោយទទួលរងទណ្ឌកម្ម ការរំលោភបំពានទាំងផ្លូវកាយ និង ផ្លូវចិត្ត ដោយគេបានបង្ខំវាយធ្វើបាប និង ឱ្យនាងរំលូតកូនចេញខុសច្បាប់ទៀតផង ។ គ្មានអ្នកណាមួយបានដឹងថា នៅក្នុងផ្ទះពេស្យានោះមានមនុស្សស្រី និង ទារកប៉ុន្មាននាក់ឡើយដែលបានស្លាប់ រហូតត្រូវបានគេហៅផ្ទះនោះថាជា «ផ្នូរបញ្ចុះសពស្រីពេស្យា» ។
ចំណេរកាលជាយូរមក ផ្ទះស្រីពេស្យានេះត្រូវបានគេឃើញមានហេតុកការណ៍ចម្លែកៗភ័យរន្ធត់ តក់ស្លុតប្លែកៗជាច្រើនកើតឡើង ដោយមានពេលខ្លះអ្នកស្រុកដើរកាត់ទីនោះ ថែមទាំងបានឮសំឡេងដ៏ព្រឺព្រួចរបស់ស្រ្តី និង ទារកស្រែកយំរកជំនួយពីក្នុងផ្ទះនោះទៀតផង ហើយមកទល់ពេលនេះក៏គ្មានអ្នកណាមួយហ៊ានដើរកាត់ ឬ ចូលក្បែរផ្ទះស្រីពេស្យាដ៏គួរឱ្យខ្លាចនោះឡើយ ៕