នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មាន បន្ទាប់ពីឃើញមានការបង្ហោះករណីប្រទះឃើញសត្វក្រពើរស់មួយក្បាលក្នុងទឹកអណ្តូងរបស់ប្រជាពលរដ្ឋ រស់នៅភូមិវត្តតាមឹម ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈម្ចាស់អណ្តូងបូមទឹកស្រោចដំណាំពីក្នុងអណ្តូង ក្នុងជម្រៅទឹកប្រមាណ ៤០cm ក៏ពើបប្រទះនឹងសត្វក្រពើនេះ។
ទាក់ទិនទៅនឹងករណីនេះ ខាងស្នងការបានបញ្ជាក់ឱ្យបានដឹងថា ក្រោយប្រទះឃើញបែបនេះ ម្ចាស់ផ្ទះដែលមានឈ្មោះ កើត សុបញ្ញា ភេទប្រុស អាយុ ២៥ ឆ្នាំ និង អ្នកភូមិផង បានប្រើវិធីចាប់ឡើងមកលើគោក ដែលសត្វក្រពើនេះមានទម្ងន់ប្រមាណជាង ២០ គីឡូក្រាម ខណៈកាលពីមុនរូបគាត់ក៏ធ្លាប់ចាប់បានដែរក្នុងអណ្តូងនេះ កាលនោះក្រពើតូចទម្ងន់ត្រឹមតែ ០២ គីឡូក្រាមប៉ុណ្ណោះ។
តាមប្រភពបានឱ្យដឹងថា អណ្តូងទឹកនេះផងដែរ ស្ថិតនៅក្នុងចម្ការដាច់តែឯងមានបណ្តោយ ១០ ម៉ែត្រ ទទឹង ០៨ ម៉ែត្រ ហើយកាលពីឆ្នាំ ២០២៣ ដែលទឹកជន់ធំបែកវាល មានទឹកហូរពីស្ទឹងចូលក្នុងអណ្តូងនេះ ហើយកាលនោះ ម្ចាស់ផ្ទះក៏ធ្លាប់ចាប់បានសត្វក្រពើតូចម្តង ខណៈនៅមូលដ្ឋាននេះមិនមានកសិដ្ឋានចិញ្ចឹមសត្វក្រពើទេនោះ ទើបមន្ត្រីអាចសន្និដ្ឋានបានថា ក្រពើនេះមានវត្តមានកាលពីទឹកជន់ធំបែកវាលអំឡុងឆ្នាំ ២០២៣ ចូលតាមទឹកស្ទឹង។ បន្ថែមលើសពីនេះ គួរឱ្យស្តាយសត្វក្រពើមួយក្បាលនេះ អ្នកភូមិបានយកទៅធ្វើជាអាហារបាត់ទៅហើយ បន្ទាប់ពីបានថតបង្ហោះក្នុងបណ្តាញសង្គមរួចមក៕