សែនចូលឆ្នាំចិន បើបានដាក់ម្ហូប និង ផ្លែឈើទាំង ១០ មុខ ដឹងតែមានលាភធំពេញ ១ ឆ្នាំ
ចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ដែលតែងតែប្រារព្ធឡើងជារៀងរាល់ ១ ឆ្នាំម្ដង ដែលមានរយៈពេល ៣ ថ្ងៃ ។ ដោយឡែក នៅកម្ពុជាវិញគេកត់សម្គាល់ឃើញមានអ្នកជាប់សែស្រឡាយចិន និង អ្នករកស៊ី ព្រមទាំងជនជាតិចិនកំពុងរស់នៅមួយចំនួន តែងបាននាំគ្នាចូលរួមប្រារព្ធពិធីបុណ្យនេះ មិនដែលខានឡើយ។
មុនចូលឆ្នាំចិន ១ ថ្ងៃ គេក៏តែងកត់សម្គាល់ឃើញមានការសែនព្រេនផងដែរ។ តើបងប្អូនដែលជាប់សែស្រឡាយចិន បានត្រៀមរណ្ដាប់ ជាពិសេសផ្លែឈើ និង មុខម្ហូបហើយឬនៅ សម្រាប់ថ្ងៃសែននោះ ? ថ្ងៃនេះយើងនឹងនាំលោកអ្នកទៅស្គាល់ អត្ថន័យ ម្ហូប និង ផ្លែឈើ ចំនួន ១០ មុខ សម្រាប់សែនយកហ៊ុងស៊ុយថ្ងៃចូលឆ្នាំចិន ដែលមានដូចជា ៖
១. ផ្លែប៉ោម
កាសែនផ្លែប៉ោម នៅក្នុងពិធីបុណ្យចូលឆ្នាំចិន គឺប្រជាជនចិនមានជំនឿថា នឹងនាំឱ្យមានសន្តិភាព និង គតិបណ្ឌិត ជាដើម ។ ណាមួយផ្លែប៉ោម គឺមានពណ៌ក្រហម នាំមកនូវហ៊ុងស៊ុយ និង លាភសំណាងជូនដល់ក្រុមគ្រួសារទៀតផង ។
២. ឆាមីសរសៃធំ
ការសែនមីសរសៃធំ នៅប្រទេសចិន គឺនឹងនាំឱ្យមានអាយុវែងដូចមីអ៊ីចឹងឯង ។ ដូច្នេះហើយទើបរៀងរាល់ឆ្នាំ គេឃើញមានអ្នកសែនទាំងទាំងឡាយនិយមនាំគ្នាសម្រុកទៅទិញមីសរសៃធំនេះ សម្រាប់ធ្វើម្ហូបសែនក្នុងថ្ងៃចូលឆ្នាំចិន ។
៣. នំប៉ាវ
ប្រជាជនចិនគេមានជំនឿថា ការសែននំប៉ាវ ក្នុងថ្ងៃចូលឆ្នាំចិននេះ នឹងនាំមកនូវលាភទ្រព្យមហាសាល ។ ក្នុងនោះយើងឃើញថា មិនត្រឹមតែថ្ងៃចូលឆ្នាំចិនទេ សូម្បីតែថ្ងៃលក់ដូរធម្មតា ក៏គេឃើញអាជីវករចិន នាំគ្នាសែននំនេះដែរ ដើម្បីឱ្យទ្រព្យហូរចូលតាមរបររកស៊ីរបស់ពួកគេ ។
៤. ស៊ុត
អ្នកខ្លះប្រហែលជាមើលរំលងអំពីស៊ុត ដែលតាមពិតទៅការសែន ឬ ក៏ហូបស៊ុតនៅក្នុងថ្ងៃចូលឆ្នាំចិន គឺគេមានជំនឿថា នឹងនាំឱ្យកើតកូន កើតចៅច្រើន សុខដុមរមនា ។
៥. នំពងទា
ជារៀងរាល់ឆ្នាំ នំនេះមិនត្រូវបានគេមើលរំលងឡើយ ព្រោះសម្រាប់អ្នកសែនចូលឆ្នាំចិនទាំងអស់ គេមានជំនឿថា វានាំមកនូវ សំណាងល្អ និង ទ្រព្យសម្បត្តិដ៏អស្ចារ្យ ។
៦. ផ្លែគូលែន
ប្រិយមិត្តមួយចំនួនប្រហែលជាពុំបានចាប់អារម្មណ៍ពីវាទេ តាមពិតទៅនៅក្នុងជំនឿស្រុកចិនគេយល់ថា ការសែនផ្លែគូលែននៅក្នុងថ្ងៃចូលឆ្នាំចិន នឹងនាំឱ្យគ្រួសារមានភាពស្និទ្ធស្នាល ស្អិតរមួត ជាដើម ។
៧. គាវ
គាវជាមុខម្ហូបសម្រាប់សែនក្នុង ថ្ងៃចូលឆ្នាំចិន ដើម្បីទទួលបាននូវ ភាពចម្រុងចម្រើន ។
៨. ផ្លែក្រូច
ផ្លែក្រូច គឺជាផ្លែឈើដែលប្រជាជនចិន និយមសែនបំផុត មិនថាក្នុងថ្ងៃចូលឆ្នាំចិន ឬក៏ថ្ងៃធម្មតានោះទេ ហើយមូលហេតុ ដែលគេសែនផ្លែក្រូចនេះជាតង្វាយ ព្រោះគេយល់ថា វានឹងនាំមកនូវទ្រព្យសម្បត្តិ លាភសំណាង និង មាសជាដើម ។
៩. សាច់ជ្រូក
តាមពិតទៅ ជំនឿតមកពីបុរាណនៅប្រទេសចិនគេយល់ថា ការសែនសាច់ជ្រូក នៅកំឡុងថ្ងៃចូលឆ្នាំប្រពៃណីចិន នឹងនាំមកនូវកម្លាំងខ្លាំងក្លា សម្បូរទ្រព្យសម្បត្តិ និងទទួលបាននូវពរជ័យច្រើនក្រៃលែង ។
១០. នំអ៊ី
ការសែននំអ៊ី សម្រាប់ថ្ងៃចូលឆ្នាំចិន នឹងនាំមកនូវ ភាពស្អិតរមួត ផ្អែមល្ហែមនៅក្នុងក្រុមគ្រួសារ និង ធ្វើឱ្យក្រុមគ្រួមានការជួបជុំ ចេះស្រឡាញ់ដឹងទុក្ខធុរៈគ្នា ៕