រយៈពេលជាង ១០ ថ្ងៃមកហើយ ដែល Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី បានឆ្ពោះទៅកាន់ការប្រកួត Miss Cosmo 2025 នៅប្រទេសវៀតណាម បើគិតចាប់តាំងពីថ្ងៃធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ។

ក្នុងនោះដែរ ក្រោយបោះជំហានទៅដល់ការប្រកួត Miss Cosmo 2025 នៅប្រទេសវៀតណាម ហើយនោះ បវរកញ្ញាកម្ពុជា ផន ស្រីពី មិនទម្លាក់ដៃនោះឡើយ ពោលគឺនាងបានបង្ហាញទាំងសម្រស់ និង សមត្ថភាពនានាក្នុងសកម្មភាពនៃដំណើរការប្រកួត ដោយកាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ គឺជាពេលបង្ហាញខ្លួនក្នុងវគ្គប្រកួតឈុតហែលទឹក យ៉ាងស្រស់ស្អាត។

យ៉ាងណាមិញ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និង ស្វែងរកម្ចាស់មកុដ Miss Cosmo 2025 នឹងមកដល់នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ ស្រាប់តែនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ កញ្ញា ផន ស្រីពី បានបង្ហោះសារហាក់បង្ហាញពីអារម្មណ៍អាក់អន់ចិត្ត ខណៈពុំសូវមានអ្នកក្នុងប្រទេសគាំទ្ររូបនាង ប៉ុន្តែក្នុងនោះ ផន ស្រីពី បានបង្ហាញការតាំងជំហរមិនបោះបង់ឡើយ។

កញ្ញា ផន ស្រីពី បានរៀបរាប់ថា៖ «ខ្ញុំប្រហែលជាមិនសូវមានការគាំទ្រច្រេីនពីផ្ទះរបស់ខ្ញុំទេ ប៉ុន្តែក្នុងនាមជាអ្នកតំណាងម្នាក់ ខ្ញុំមិនដែលបោះបង់ចោលឡេីយ! បើទោះបីជា នៅសល់មនុស្សតែម្នាក់គាំទ្រខ្ញុំក៏ដោយ ខ្ញុំក៏នៅតែបន្តដោយទៅមុខដោយឆន្ទៈជាខ្មែរ! រាល់ព្រឹក ខ្ញុំតែងតែក្រោកឡេីងជាមួយឆៀងកម្ពុជាដែលស្ថិតនៅលេីបេះដូង ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំគឺ «កម្ពុជា» ខ្ញុំនៅទីនេះ ដើម្បីធ្វើជាសំឡេង ដើម្បីបង្ហាញពិភពលោកនូវព្រលឹងជាតិ វប្បធម៌ដ៏ស្រស់ស្អាតរបស់យើង។ ចំពោះអ្នក ដែលឈរជាមួយខ្ញុំ សូមអរគុណចំពោះកម្លាំងរបស់អ្នក។ យើងឆ្ពោះទៅមុខជាមួយគ្នា ខ្ញុំនឹងធ្វើឱ្យអ្នកមានមោទកភាព កម្ពុជា»៕




