នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជូនដំណឹងឱ្យបានដឹងថា នៅយប់ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥ ម៉ោង ២៣ និង ៤៥ នាទី មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅផ្សារហេងឆាយលី ស្ថិតក្នុងក្រុមទី ១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានផ្ដើមឆេះរាលដាលទៅលំនៅដ្ឋានមួយចំនួននៅក្បែរនោះ។

ទាក់ទិនទៅនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាលជំនាញអគ្គិភ័យនៃស្នងការដ្ឋាន រួមទាំងរថយន្តអគ្គិភ័យ មកពីតាមបណ្តាស្រុក និង កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានមន្ត្រីអគ្គិសនី រួមទាំងប្រជាពលរដ្ឋ បានប្រើប្រាស់រថយន្តអគ្គិភ័យពីតាមបណ្តាស្រុកចំនួន ១៣ គ្រឿង និង ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ៦៨ ឡាន ទើបទប់ស្កាត់ការឆេះរាលដាលបន្តទៀត។


តាមប្រភពបានឱ្យដឹងទៀតថា ក្នុងគ្រោះអគ្គិភ័យនេះ បានបង្កការខូចខាតអាគារផ្សារទំនើបហេងឆាយលី ចំនួន ២៣ ល្វែង កម្ពស់ ០៤ ជាន់ និង លំនៅដ្ឋានមួយចំនួននៅក្បែរនោះផងដែរ ហើយរហូតដល់ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចនៅបន្តការងារនេះនៅទីតាំងនោះនៅឡើយ។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ និង ទំហំនៃការខូចខាតទ្រព្យសម្ភារៈពិតប្រាកដ ស្ថិតក្នុងការស្រាវជ្រាវនៅឡើយ៕





ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង