កាលពីរាត្រីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ អ្នកគាំទ្របវរកញ្ញាកម្ពុជា កញ្ញា ប៊ី សុធារី ហាក់មានការភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ខណៈនាង បានប្រកាសនឹងចូលរួមប្រកួតកម្មវិធី Miss Cosmo Cambodia 2025។
យ៉ាងណាមិញ ក្រោយ ប៊ី សុធារី បានប្រកាសពីការចូលប្រកួត Miss Cosmo Cambodia 2025 នៅលើផេកហ្វេសប៊ុកផ្លូវការបានប្រមាណជា ២ ម៉ោង អ្នកលេងបណ្តាញសង្គមក៏បានឃើញ អ្នកស្រី អ៊ឹម សុគន្ធា ក៏បានបង្ហោះសារមួយឃ្លា ដោយមានការភ្ញាក់ផ្អើលជាថ្មី ដោយសារនោះ ហាក់មានអត្ថន័យចង់សំដៅទៅកញ្ញា ប៊ី សុធារី។
ក្នុងនោះ សាររបស់អ្នកស្រី អ៊ឹម សុគន្ធា បានរៀបរាប់ថា៖ «ថ្លើមធំណាស់! ហ៊ានចូលប្រកួតរំលងខ្ញុំផង។ មិនដឹងថាដាក់ឈ្មោះអីឱ្យចំទេ អាត្មានិយមណាស់។ បើអ្នករំលងខ្ញុំបែបនេះ មិនគិតដល់ខ្ញុំ ចឹងខ្ញុំក៏មិនទុកដែរ រង់ចាំមើលថាខ្ញុំនឹងធ្វើបែបណាក្មេងឈ្លើយ»។
លើសពីនេះ ក្រោយឃើញសាររបស់អ្នកស្រី អ៊ឹម សុគន្ធា បែបនេះក៏មានការចូលទៅបញ្ចេញមតិវែកញែកព្រោតព្រាត ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកស្រី អ៊ឹម សុគន្ធា ក៏បានបញ្ចេញមតិបន្ថែមពីលើនោះយ៉ាងវែងអន្លាយ បញ្ជាក់បន្ថែមនៅលើសាររបស់អ្នកស្រីថា ៖ «បងប្អូនអានសំណេរខ្ញុំនិយាយឱ្យច្បាស់! មនុស្សដូចខ្ញុំ មិនចូលចិត្តល្បីតាមរឿងបែបនេះទេ រាល់ថ្ងៃរកតែពេលសម្រាកគ្មានផង ហើយមិនចូលចិត្តទេអារឿង drama អត់ប្រយោជន៍ តែរឿងនេះទប់ចិត្តមិនបាន ហើយមុននឹងខ្ញុំផុស គឺខ្ញុំដឹងច្បាស់ថាហ្វេនៗស្រលាញ់គាត់ប្រាកដជាថាខ្ញុំអាក្រក់ តែនេះជារឿងដែលខ្ញុំនឹកស្មានមិនដល់ មិនទាន់បាននិយាយអីគ្នាដោះស្រាយអីជាមួយគ្នាឱ្យច្បាស់សោះ តែធ្វើការសម្រេចចិត្តដោយរំលងខ្ញុំ។ មនុស្សធំមិនមែនកូនក្មេងតូច ធ្វើអីត្រូវហ៊ានប្រឈមមុខ ចង់បានអីត្រូវចេះនិយាយ មិនមែនធ្វើអីតាមចិត្តចង់ភ្លាមៗបានទេ។ បើគិតថាខ្ញុំជាម្ដាយ ឬក៏ជាចាស់ទុំ ឬជាអ្នកធ្លាប់ស្គាល់គ្នា គួរណាស់និយាយជាមួយគ្នាឱ្យបានច្បាស់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ កុំអស់ប្រយោជន៍ ដកគេដូចស្ពៃបែបនេះទេ! បងប្អូនមិនមែនជាខ្ញុំ បងប្អូនស្រលាញ់ idol បងប្អូនខ្ញុំដឹង តែ idol បងប្អូនធ្វើអីមិនចេះគិតដល់ចិត្តអ្នកដទៃ មើលរំលងក្ដីស្រលាញ់ និង ការអាណិតអាសូរខ្ញុំណាស់»។
ដ្បិតថា ក្នុងសារ និង ការខំមិនរបស់អ្នកស្រី អ៊ឹម សុគន្ធា មិនបានបញ្ជាក់ឈ្មោះកញ្ញា ប៊ី សុធារី ចំៗ ប៉ុន្ដែអ្នកគាំទ្រជាច្រើនយល់ថា នេះមិនមែនជារឿងចៃដន្យនោះ ហើយសារទាំងអស់នោះ ទំនងជាសំដៅលើកញ្ញា ប៊ី សុធារី ជាមិនខាន៕