នៅម៉ោងប្រមាណ ១១ ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ នៅប្រទេសថៃមានករណីផ្ទុះទីតាំងផលិតកាំជ្រួចមួយកន្លែងយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមនុស្សស្លាប់ភ្លាមៗចំនួន ៩ នាក់បានបាត់បង់ជីវិត ព្រមទាំង ២ នាក់ទៀតបានរងរបួស។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅក្នុងផ្ទះមួយកន្លែង នាឃុំ Ban Pho ស្រុក Muang ខេត្ត Suphan Buri ។ អាជ្ញាធរបានត្រួតពិនិត្យឃើញថា ផ្ទះខាងលើនេះអាចជាកន្លែងផលិត និង ស្តុកទុកកាំជ្រួច ហើយការផ្ទុះនេះបានបណ្តាលឱ្យមនុស្សចំនួន ៩ នាក់បានដេកស្លាប់រប៉ាត់រប៉ាយពេញបរិវេណផ្ទះ និង ខ្លះទៀតបានខ្ទាតប៉ើងទៅដល់វាលស្រែ។ មកទល់ពេលនេះ មានអ្នករងរបួសចំនួន ១ នាក់ បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ដែលសរុបអ្នកស្លាប់ទាំងអស់ចំនួន ១០ នាក់។
យ៉ាងណាមិញ មានជនរងរបួសចំនួន ២ នាក់ ហើយអាជ្ញាធរកំពុងតែតាមរកជនរងគ្រោះជាបន្តបន្ទាប់។ ដោយឡែក ផ្ទះចំនួន ២ ខ្នងបានរងការខូចខាត រួមទាំងឡាន ១ គ្រឿងទៀត ហើយអាជ្ញាធរក៏តែធ្វើការត្រួតពិនិត្យទីតាំងកន្លែងហេតុ ដើម្បីរកមូលហេតុនៃការផ្ទុះផងដែរ៕
ប្រភព៖ Khaosod