គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ ត្រូវទាហានថៃបន្តបិទដដែលចំពោះមនុស្ស ទំនិញ ឡាន និង ម៉ូតូ ដូចអ្វីដែលគេបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន ខណៈក្រុមមនុស្ស ២ ប្រភេទ រួមមាន អ្នកជំងឺ និង កូនសិស្ស គឺអាចចេញចូលធម្មតា។
យ៉ាងណាមិញ តាមរយៈសេចក្តីរាយការណ៍ពីព្រំដែនបានឱ្យដឹងថា នៅតាមច្រកទ្វារព្រំដែនដែលជាប់ជាមួយប្រទេសថៃ គឺទាហានថៃ នៅបន្តមិនអនុញ្ញាតឱ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និង ការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និង កូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។
ក្នុងនោះ បើតាមអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អ្នកជំងឺ និង កូនសិស្ស អនុញ្ញាតឱ្យឆ្លងកាត់បាន តែក្រៅពីនេះគឺភាគីថៃ នៅបន្តបិទដដែល។ ដោយឡែក លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏បានបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់គឺដូចគ្នា ភាគីថៃ អនុញ្ញាតឱ្យតែអ្នកជំងឺ និង កូនសិស្សប៉ុណ្ណោះដែលអាចឆ្លងកាត់បាន ហើយមន្រ្តីកម្ពុជាក៏បានធ្វើដូច្នោះដែរ តែសម្រាប់អ្នកដំណើរ រថយន្ត ម៉ូតូ និងទំនិញ ភាគីថៃនៅបន្តហាមឃាត់ដដែល៕
ប្រភព ៖ Fresh News