តាមរយៈសេចក្តីជូនដំណឹងមរណទុក្ខ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន បានទទួលមរណភាព នៅថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ០២:២៧ នាទី ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្ននេះ សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី នៅផ្ទះលេខ ១៧ ផ្លូវ ៣៣៥ ភូមិ ២ សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពនឹងដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស (វត្តសម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្តេចព្រះសង្ឃ នាយករងទី ១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា) ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៧:១១ នាទីព្រឹក៕