ថ្មីៗនេះ បុរសជនជាតិអង់គ្លេសម្នាក់ វ័យ ៦០ ឆ្នាំ បានទម្លាយពីរឿងរ៉ាវរបស់ខ្លួន ដែលបានកើតជំងឺមហារីកបំពង់ក ដោយសារតែចូលចិត្តមានសកម្មភាពផ្លូវភេទតាមមាត់។
បុរសនេះមានឈ្មោះថា Frank Lane វ័យ ៦០ ឆ្នាំ ពី Basingstoke រដ្ឋ Hampshire បានរៀបរាប់ឱ្យដឹងថា កាលពីឆ្នាំ ២០២៣ កន្លងទៅ ខ្លួនសង្កេតឃើញដុំពករឹង និងហើមទំហំប៉ុនពងមាន់នៅផ្នែកខាងស្តាំនៃ-ក តែក៏មិនបានគិតអ្វីច្រើន ដោយគិតថាជាការហើមកូនកណ្តុរ មកពីការហាត់ប្រាណខ្លាំងពេក ប៉ុន្តែកន្លងទៅពីរសប្តាហ៍ ដុំមួយនេះក៏មិនបាត់ ទើប Frank សម្រេចចិត្តទៅមន្ទីរពេទ្យ និងធ្វើការត្រួតពិនិត្យ។
យ៉ាងណាមិញ តាមរយៈការត្រួតពិនិត្យ លទ្ធផលបានបង្ហាញថា Frank មានជំងឺមហារីកបំពង់ក ដែលគ្រូពេទ្យជឿថាអាចបណ្តាលមកពីមេរោគ HPV ដែលបានឆ្លងមកពីការរួមភេទតាមរយៈមាត់ តាំងពី Frank នៅអាយុ ២០ ស្តើងឯណោះ។ Frank ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏បានចាប់ផ្តើមការព្យាបាលក្នុងដើមឆ្នាំ ២០២៤ ដោយចាក់គីមីចំនួន ២ ដង និង ព្យាបាលដោយវិទ្យុសកម្មចំនួន ៦ សប្តាហ៍ទៀត រហូតដល់ជាសះស្បើយ៕
ប្រភព៖ Sanook