កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ សម្រាប់មនុស្សស្ទើរគ្រប់វ័យ ខណៈបរិយាកាស ក៏ដូចជាទីតាំងហាង សម្រាប់ទទួលទានកាហ្វេទៀតសោត ក៏ត្រូវបានអ្នកចូលចិត្តទទួលទានកាហ្វេតែងតែលើកឡើងជាហូរហែ និង ជាកត្តាជំរុញឱ្យម្ចាស់ហាងកាហ្វេ បង្កើតឡើងនូវការរចនាម៉ូដហាងប្លែកៗ និងការរៀបចំថ្មីៗ ឱ្យទាន់សម័យកាល និងត្រូវចិត្តអតិថិជនគោលដៅរបស់ខ្លួន។
យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវហាងកាហ្វេនៅកម្ពុជាចំនួន ០៣ កន្លែង រៀបចំឡើងដោយមានលក្ខណៈច្នៃប្រឌិត ជាពិសេសគឺបរិយាកាសនៅជិតមាត់សមុទ្រ ដែលសង្កេតឃើញថាទើបតែមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលប្រិយមិត្តគួរតែសាកល្បងទៅឱ្យបានម្ដង ដែលហាងកាហ្វេទាំង ០៣ មាន ០២ ទីតាំង ស្ថិតក្នុងខេត្តព្រះសីហនុ និង ០១ ទៀត ស្ថិតក្នុងខេត្តកែប។
១. Brown Seaview
ហាងកាហ្វេ Brown មានទីតាំងនៅឆ្នេរអូត្រេះ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាចនិយាយបានថា ជាហាងកាហ្វេទំនើបទី ១ ដែលសាងសង់ជាប់មាត់ឆ្នេរ នាំមកនូវរសនិយមថ្មីមួយសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាប្រជាជនក្នុងតំបន់តារារះនាទិសនិរតី។
២. ហាងកាហ្វេ The Pier by Ocean
The Pier by Ocean ជាហាងកាហ្វេដែលនៅក្បែរមាត់ឆ្នេរ ស្ថិតក្នុងខេត្តព្រះសីហនុ ដែលនៅខាងក្រោយប្រិយមិត្តអាចគយគន់ឆ្នេរសមុទ្រ ព្រមទាំងអាចឃើញស្ពានកោះពស់ បូករួមប្លង់ថតរូបស្អាតៗ ជាទីពេញនិយមសម្រាប់យុវវ័យ។
៣. ដំណាក់កាហ្វេខេត្ត កែប
ដំណាក់កាហ្វេ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ជាហាងកាហ្វេ ដែលសាងសង់ជាប់មាត់សមុទ្រ សម្បូរទៅដោយប្លង់ថតរូបស្អាតៗ និងមានភ្ញៀវចេញចូលជាប្រចាំផងដែរ៕
រូបភាព ៖ SNC & The Pier by Ocean & 3Arts