កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះវីដេអូជាមួយសារឱ្យបានដឹងថា ទាហានថៃបានប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋមួយចំនួនរងរបួសនៅភូមិព្រៃចាន់។

បើតាមប្រភពពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅមុននេះបន្ដិចឱ្យដឹងថា នាវេលាម៉ោងជិត ៤ រសៀល ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋកម្ពុជាចំនួន ៥ នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ដោយឡែក នៅយប់ថ្ងៃដដែល ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមទៀតថា ថៃបានបើកការបាញ់ប្រហារសរុបចំនួនពីរលើកមកលើពលរដ្ឋកម្ពុជាស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺនៅម៉ោងប្រមាណ ៤ ល្ងាច និង ម៉ោង ៥ និង ៥៤ នាទីល្ងាច ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយបង្កឱ្យពលរដ្ឋខ្មែរស្លាប់ម្នាក់ និង របួស ៣ នាក់។

ក្នុងនោះដែរ ប្រជាពលរដ្ឋ ៣ រូប ដែលរងរបួស ក៏ត្រូវបានវះកាត់ជួយសង្រ្គោះ ដោយជោគជ័យទាំងអស់ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖








ប្រភពរូបភាព៖ គល់ រ៉េននី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP