ខានជួបគ្នាយូរ អុបប៉ា Dong Wook និង Gong Yoo លេងចរិតញ៉ិកញ៉ក់ដាក់គ្នា អ្នកគាំទ្រហើយពេញចិត្តស្តូក
ពិតជាគួរឱ្យសរសើរណាស់ សម្រាប់កំលោះចាស់ដ៏ស្រស់សង្ហាទាំងពីររូប គឺ Lee Dong Wook និង Gong Yoo ដែលអាចរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាបានយ៉ាងល្អ បន្ទាប់ពីការដើរតួអង្គជាមួយគ្នាក្នុងរឿង Globlin កន្លងទៅជាង ៨ ឆ្នាំ។
ជាក់ស្តែង ថ្មីៗនេះ កំលោះសង្ហាទាំងពីរ ក៏បានមកប៉ះការងារជាមួយគ្នាម្តងទៀត ក្នុងការផ្សាយពាណិជ្ជកម្មប្រេងរំអិលរថយន្ត ឱ្យទៅក្រុមហ៊ុនមួយ។ ក្នុងនោះ គេក៏បានទម្លាយឈុតក្រៅឆាករបស់អ្នកទាំងពីរផងដែរ ដែលមើលទៅយើងឃើញថា ពួកគេនៅតែជិតស្និទ្ធជាមួយគ្នាដូចដើមមិនខុសសោះ គឺនៅតែលេងប្រឡែង និងធ្វើចរិតញ៉ិកញ៉ក់ដាក់គ្នា គួរឱ្យស្រឡាញ់ខ្លាំង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រឃើញហើយពេញចិត្តស្តូក ព្រោះម្នាក់ៗសុទ្ធតែចូលចិត្តទំនាក់ទំនងមិត្តភាពរវាងកំលោះចាស់ទាំងពីរដូចៗគ្នា។ លើសពីនេះទៀត មានអ្នកខ្លះក៏ថែមទាំងបាននិយាយលេងសើចទៀតថា មើលទៅទាំងគូនេះ មិនខុសអីពីគូស្នេហ៍សោះ៕