ថ្មីៗនេះ ហាងកាហ្វេ និង បារមួយកន្លែង ដែលហៅថា Slap Bar នាប្រទេសជប៉ុន បាន និង កំពុងតែធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ព្រោះមានថែមសេវាកម្មទះកំផ្លៀងមួយស្វាងដោយស្រីស្អាតជាបុគ្គលិកប្រចាំហាងទៀតផង។
តាមព័ត៌មានបានឱ្យដឹងថា ហាងកាហ្វេនេះបានបើកជាយូរឆ្នាំមកហើយ តែទើបតែទទួលការចាប់អារម្មណ៍ថ្មីៗនេះ ហើយការត្រូវទះកំផ្លៀងនេះទៀត គឺត្រូវបង់ថ្លៃសេវាខាងក្រៅទៀតផង។
មូលហេតុដែលធ្វើឱ្យប្រជាជនជប៉ុនចាប់អារម្មណ៍ជាមួយការទះកំផ្លៀងនេះ ព្រោះជឿថាគឺជាប្រពៃណីពីបុរាណ ដែលប្រើសម្រាប់ដាក់ទោសមនុស្សនៅកាលពីអំឡុងសម័យឆ្នាំ ៧០ និង ៩០ កន្លងមក តែយូរៗទៅប្រពៃណីនេះ ក៏បានបាត់ទៅតាមវេលា និង ច្បាប់សិទ្ធិមនុស្ស មានអ្នកមួយចំនួននៅតែបន្តធ្វើដើម្បីរំសាយការស្រ្តេស ដូចជាហាងកាហ្វេនេះ ជាដើម។
យ៉ាងណាមិញ ក្នុងការទះកំផ្លៀងនេះខាងហាងកាហ្វេបានឱ្យតែបុគ្គលិកស្រីស្អាតជាអ្នកទះតែប៉ុណ្ណោះ ដែលធ្វើឱ្យពួកប្រុសជាច្រើននាំគ្នាទៅភ្លក់រស់ជាតិកម្លាំងដៃរបស់នាង។ ក្នុងនោះដែរ នៅពេលដែលទះកាន់តែស្អាត ឬ ការប្រើកម្លាំងដៃកាន់តែខ្លាំង អតិថិជនក៏ត្រូវចំណាយលុយទៅតាមនោះដែរ ហើយបើតាមមើលទៅមានភ្ញៀវច្រើនណាស់ ដែលពេញចិត្តចំណាយលុយក្នុងការទទួលការទះកំផ្លៀងនេះ៕