ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនកំពុងផ្ទុះចែករំលែក និង វែកញែកមិនពេញចិត្តខ្លាំងចំពោះបវរកញ្ញា Miss Teen Icon United Kingdom 2025 ដែលជាម្ចាស់មកុដទើបគ្រងតំណែងថ្មីនៃកម្មវិធី Miss Teen Icon International 2025 ខណៈបានឃើញវីដេអូសកម្មភាពរបស់នាង បង្ហាញទង្វើមិនសមរម្យអំឡុងពេលប្រកួតនៅកម្ពុជាកន្លងទៅ ដែលបានភ្លក់បង្អែមជានំខ្មែរ បញ្ចេញកាយវិការ និង ទឹកមុខហាក់ដូចមើលងាយលើប្ហូមខ្មែរ។
ទង្វើរបស់ម្ចាស់មកុដរូបនេះ បានធ្វើឱ្យសាធារណជនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង រហូតគេក៏បានឃើញមានការលើកឡើងពីទំព័រហ្វេសប៊ុកអ្នកគាំទ្របវរកញ្ញាមួយថា ៖ «Admin សូមបញ្ចេញការមិនពេញចិត្ដចំពោះទង្វើរបស់បវរកញ្ញា UNITED KINGDOM មកប្រកួតនៅស្រុកខ្មែរ ហើយម៉េចបានជាបញ្ចេញចរិតអ៊ីចឹងនៅលើ Social media បែបហ្នឹង បើមិនចេះហូបនំរបស់ខ្មែរទេដាក់ចុះទៅ ហើយទៅថតបង្ហោះធ្វើអី ទាំងបងទាំងប្អូនចេញមកចរិតអត់កើតដូចគ្នា។ អ្នកទាំងអស់គ្នាមានដឹងទេ បងស្រីរបស់ម្នាក់ហ្នឹងដែលនៅក្នុង Video នឹងគឺជា 5th runner up Miss Grand international 2024 ដែលធ្លាប់មកប្រកួតនៅខ្មែរកាលពីលើកមុន ហើយម្នាក់នឹងក៏ធ្លាប់និយាយមើលងាយប្រទេសយើងផងដែរ ឥឡូវនាំប្អូនមកប្រកួតក្នុងកម្មវិធីខ្មែរទៀត ហើយនៅតែធ្វើទង្វើដដែល»។
បន្ទាប់ពីផ្ទុះការរិះគន់មិនពេញចិត្តយ៉ាងក្ដៅគគុកពីមហាជនអ្នកគាំទ្រខ្មែរ ពេលនេះក៏បានឃើញហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធីអន្តរជាតិ Miss Teen Icon International បានបង្ហោះសារភ្ជាប់ជាមួយលិខិតសុំទោសពីម្ចាស់មកុដ MTII 2025 នាង Sasha Star ដែលបានបង្ហាញអារម្មណ៍សោកស្ដាយខ្លាំងចំពោះទង្វើមិនសមរម្យដោយអចេតនារបស់ខ្លួន និង ធ្វើការសុំទោសទៅកាន់បងប្អូនមហាជនខ្មែរជុំវិញរឿងរ៉ាវនេះ។ ក្នុងនោះដែរ ម្ចាស់មកុដ MTII 2025 រូបនេះ ក៏បានបង្ហាញអារម្មណ៍ស្រឡាញ់ពេញចិត្តខ្លាំងចំពោះម្ហូបខ្មែរ និង ការស្វាគមន៍យ៉ាងកក់ក្ដៅពេលនាងមកកាន់កម្ពុជាអំឡុងពេលប្រកួតកន្លងមកផងដែរ៕