នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ថ្មីៗនេះ មជ្ឈមណ្ឌលវះកាត់កុមារ ហៅថាពេទ្យគៀនឃ្លាំង បានជូនដំណឹងឱ្យបានដឹងថា ខាងមជ្ឈមណ្ឌលនឹងមានក្រុមគ្រូពេទ្យជំនាញផ្នែកដៃ មកពីប្រទេសសិង្ហបុរី ផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់ ចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។
ចំពោះការព្យាបាលប្រភេទជំងឺមានដូចជា ៖
១. ដៃមិនអាចកម្រើកបានដែលបណ្តាលមកពីគ្រោះថ្នាក់
២. ដៃខូចទ្រង់ទ្រាយពីកំណើត
៣. ម្រាមដៃជាប់គ្នា
៤. ម្រាមលើស
៥. តសសៃប្រសាទ
អាស្រ័យហេតុនេះ អ្នកជំងឺដែលមានបញ្ហា អាចទៅចុះឈ្មោះដើម្បីឱ្យគ្រូពេទ្យពិនិត្យងាយស្រួលបែងចែកប្រភេទជំងឺរបស់អ្នក ដែលខាងមន្ទីរពេទ្យ ធ្វើការពីច្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង ៨ ដល់ម៉ោង ១២ ថ្ងៃត្រង់ និង ពីម៉ោ ១ ដល់ម៉ោង ៥ ល្ងាចដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង ផ្លូវ ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការជូនដំណឹងនេះ ក៏បានបញ្ជាក់ទៀតថា សូមកុំសួរអ្នករត់ម៉ូតូដុបនៅគៀនឃ្លាំង អ្នកចាំចាប់អ្នកជំងឺនៅតាមផ្លូវមាត់ច្រកចេញចូល ក្រៅអគារ អ្នកផ្ញើម៉ូតូ ព្រោះអ្នកទាំងអស់នោះ កំពុងអុសទាញអ្នកជំងឺទៅកន្លែងឯកជននៅជិតវត្តគៀនឃ្លាំង និង កន្លែងឯកជនមួយទៀតនៅជិតស្ពានទី ១១ ដើម្បីផលប្រយោជន៍ខ្លួន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 012 807 679 ៕
ប្រភព ៖ មជ្ឈមណ្ឌលវះកាត់កុមារ